ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វេីការបំភ្លឺឆ្លេីយតបជូនបណ្តាញសារព័ត៌មាន សាធារណជន និងម្ចាស់គណនីហ្វេសបុកឈ្មោះ Sien San ដែលបានផ្សព្វផ្សាយមានខ្លឹមសារថា «សូមឯកឧត្តម ប្រធាន មេត្តាជួយមានវិធានការចំពោះករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយម្ចាស់មន្ទីរពេទ្យបានដកកាំភ្លើងវាយក្បាលសន្តិសុខយើងខ្ញុំផង» ។
ក្រោយពីទទួលបានដំណឹងភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក ចុះដល់កន្លែងកេីតហេតុ ធ្វេីការស្រាវជ្រាវ ស៊េីបអង្កេត ជាលទ្ធផលបានឱ្យដឹងថា៖
-ជាករណី៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លី)
-កើតហេតុ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី ចំណុចភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
***ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
***ជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង (គ្លីនិចឯកជន) នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) (យោធា)។
+ផលប៉ះពាល់ៈ របួសបែកក្បាលផ្នែកខាងឆ្វេង លេីត្រចៀក ១កន្លែង ដេរ០៣ថ្នេរ។
***វត្ថុតាងចាប់យក៖ អាវុធខ្លីមួយដើមម៉ាកCF98 លេខ006009 មានបង់ចំនួនមួយ និង គ្រាប់ចំនួនមួយ។
***សភាពនៃរឿងហេតុ៖
នៅមុនពេលកើតហេតុថ្ងៃទី០២ ខែមករាឆ្នាំ២០២១ វេលាម៉ោង ១៨និង០០នាទី ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច សុខ ម៉េង (កន្លែងកេីតហេតុ)។ នៅពេលយាមម៉ោងប្រហែលប្រាំទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរជនរងគ្រោះថាពូសន្តិសុខយាមនៅហ្នឹងរាល់ថ្ងៃទៅណាហើយ ជនរងគ្រោះឆ្លើយថាគាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះបានខ្ចីលុយពីជនរងគ្រោះចំនួន ៣,០០០៛ (បីពាន់រៀល) ជនរងគ្រោះក៏ឱ្យលុយខ្ចីចំនួនបីពាន់រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។ លុះដល់ម៉ោង០៦ព្រឹកទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។
រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជេីងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិចរបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថាបងប្អូនអ្នកជម្ងឺយកពាក់សិនទើបមិនរក។
រហូតដល់ម៉ោងប្រាំបីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និង ហុចលុយឱ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យកស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។
បន្ទាប់ពីឆែកកាេមរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឱ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខឱ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញវិញទៅ។
រហូតដល់ម៉ោង១២រសៀលទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច មិនឃើញជនសង្ស័យ ក៏តេទូរសព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិច ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមកវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេងបណ្តាលឱ្យដួល ហើយជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ ។
ចំណែកជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួសនិងដេរចំនួនបីថ្នេរ។ បន្ទាប់មកជនរងគ្រោះបានទូរសព្ទរាយការណ៍ឱ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដើម្បីសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឱ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ។
សូមបញ្ជាក់ជូនថា៖ តាមការឆែកកាមេរ៉ាសុវត្ថិភាព ឃើញថាមានមនុស្សប្រុសម្នាក់បានមកហុចលុយឱ្យជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះសូមអ្នកសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ។
សូមអរគុណ!!!