header ads

Sponsor

ភ្នំពេញ: រថយន្តស៊ែរីទំនើប lexus nx200 t មួយគ្រឿងពាក់ស្លាកលេខកម្ពុជាបានបើកបុកម៉ូតូបណ្តាលយុវជន២នាក់រងរបួសធ្ងន់ ស្រាល រួចបើកចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកស្លាកលេខឲ្យជនរងគ្រោះកាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ១៨២ កែងនឹងផ្លូវ ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី២ ព្រំប្រទល់សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងពីរឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FL-6330ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៥៧ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តម៉ាក lexus nx200t ពណ៌ប្រផេះពាក់ស្លាកលេខ កម្ពុជា LY-PAGNA ធ្វើដំណើរតាមបណ្តោយផ្លូវ ១៨២ ទិសដៅពីលិចទៅកើតមុខបញ្ឆិតម៉ូតូផ្នែកខាងក្រោយបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ស្រាល។

ភ្លាមនោះរថយន្តបង្កមិនបានឈប់ដោះស្រាយទេ បែរជាបើករត់គេចចេញពីកន្លែងកើតហេតុបាត់ដោយបន្សល់ទុកតែស្លាកលេខនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងស្លាកលេខរថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីទុកធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តចូលមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post