លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ការពាក់ម៉ាសគឺអាចការពារការចម្លងវីរុស បានតែតាមរយៈមាត់ និងច្រមុះ តែប៉ុណ្ណោះ ខណៈដែលភ្នែក និងត្រចៀក ក៏ជាកន្លែងសំខាន់មួយដែលវីរុសកូវីដ-១៩ អាចចម្លងទៅក្នុងខ្លួនបុគ្គលគ្រប់រូបផងដែរ។
តាមរយៈសារជាសម្លេង ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាននៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ ចែករំលែកនូវព័ត៌មានថា ៖ “តាមរយៈការដកបទពិសោធន៍នៅបណ្តាប្រទេសផ្សេងៗ ការពាក់ម៉ាស គឺការពារបានតែមាត់ និងច្រមុះ តែប៉ុណ្ណោះ ដោយឡែកសម្រាប់ភ្នែក និងត្រចៀក គឺយើងពុំមានអ្វីសម្រាប់គ្របបានទេ ហេតុដូច្នេះហើយ ដើម្បីការពារចំណុចនេះ អ្វីដែលសំខាន់បំផុតគឺ ការលាងដៃ អនាម័យដៃស្អាត ជាមួយនឹងសាប៊ូ ជែល និងអាល់កុលជាដើម”។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ក៏បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថា ការលាងដៃគឺសំខាន់ណាស់ ជាពិសេសបន្ទាប់ពីបងប្អូនបានប៉ះពាល់វត្ថុ ឬកាន់របស់អ្វីមួយ នៅតាមទីសាធារណៈ គឺសូមរួសរាន់លាងដៃ ឬសម្អាតដៃភ្លាមៗ មុនពេលប៉ះមុខមាត់៕
ប្រភព AKP