ភ្នំពេញ៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនៃអធិការដ្ឋាននៅថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្សពីរនាក់ក្នុងក្របខណ្ឌបទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹងការសរសេរបង្ហោះព័ត៌មានបំភ្លៃការពិតលើការចាក់វ៉ាក់សាំងការពារកូវីដ១៩ ខណៈកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ១៩ និងធ្វើការញុះញង់ ប្រមូលផ្តុំប្រជាពលរដ្ឋមកធ្វើការតវ៉ាទាមទារ ជ្រកក្រោមលេស សិទ្ធិសេរីភាព ប៉ុន្តែបង្កប់នូវឧបាយកលទុច្ចរិត ដើម្បីបង្កចលាចលដល់សន្តិសុខសង្គម។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចាប់ខ្លួន
ទី១៖ ឈ្មោះ ធន ចន័្ទថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ
និងទី២៖ ឈ្មោះ ម៉ី សុផន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ
សមត្ថកិច្ចរាជធានីភ្នំពេញ ថាការចាប់ខ្លួនបុគ្គលទាំងពីរអ្នកខាងលើនេះ គឺស្ថិតក្នុងក្របខណ្ឌបទល្មើសជាក់ស្តែង ស្របតាមនីតិវិធីជាធរមាន ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕