នាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ តុលាការខេត្តសៀមរាប បានប្រកាសសាលក្រមផ្តន្ទាទោស លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា រយៈពេល៦ខែ តែទោសនេះត្រូវព្យួរ មានន័យថាជនជាប់ចោទត្រូវដោះលែងឲ្យមានសេរីភាពឡេីងវិញ ។
សូមជម្រាបជូនថា លោក ហៀក ចាន់លាង ត្រូវបានអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន វេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅបន្ទប់ខុនដូ មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ករណីអំពើផិត។
ប្រតិបត្តិការខាងលើដឹកនាំដោយ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់ខុនដូ មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈនោះ កម្លាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ ដែលត្រូវបានគេស្គាល់ថាជា អភិបាលរងខណ្ឌ៧មករា កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្ត្រី ទាំង២នាក់ មកការិយាល័យជំនាញ ដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។
ក្រោយពីការស្តាប់ចម្លើយ របស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប។
ចំណែកឈ្មោះហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាត អោយត្រលប់ទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ថាការឈានទៅដល់ការបង្រ្កាបនេះដោយសារតែមានបណ្តឹងពីស្រ្តី ជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)