header ads

Sponsor

 (ខេត្តស្វាយរៀង)៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងសាងសង់តូបលក់ដូរនៅផ្សារក្រោលគោ ចំនួន១៥តូប ដែលមានទម្នាស់រ៉ាំរ៉ៃកន្លងមក ឥលូវត្រូវបានដោះស្រាយរួចរាល់ដើម្បីប្រគល់សិទ្ធិឲ្យប្រជាពលរដ្ឋអាស្រ័យផល ហើយក្រុមការងារបានប្រជុំពិនិត្យប្លង់សាងសង់តូប និងដីជាក់ស្តែងត្រូវសាងសង់ ដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ពិនិត្យសម្រេច។

កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ នៅសាលាឃុំក្រោលគោ ដោយមានការចូលរួមពីសំណាក់ លោកហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ លោកប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត លោកអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្ត លោកប្រធានភូមិបាលស្រុក លោកភោគវណ្ណថន ប្រធានក្រុមប្រឹក្សាឃុំក្រោលគោ សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ក្នុងកិច្ចពិភាក្សា ឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា: ដីផ្សារគឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ អ្នកទទួលបានសិទ្ធិគ្របគ្រង សង់តូប អាស្រ័យផល មានកត្តព្វកិច្ចបង់ពន្ធជូនរដ្ឋ។ ចំពោះគ្រួសារ របស់លោក សា លាង ដែលបានទទួលសិទ្ធិអាស្រ័យផល បានស្នើរសុំសាងសង់តូប គឺតូបសាងសង់អំពីដែក ប្រក់សង្ខ័សី ជញ្ជាំងសង្ខ័សី គឺជាសំណង់ស្រាល ប្រភេទ«ខ» ដូច្នេះក្រុមការងារពុំមានជំទាស់ទេ ហើយបានចុះពិនិត្យលើដីជាក់ស្តែងនៃគម្រោងប្លង់ស្នើសុំសាងសង់រួចហើយ ក្រុមការងារបានធ្វើការវាស់វែងរួច និងធ្វើរបាយការណ៍ជូនឯកឧត្តមអភិបាលខេត្តពិនិត្យសម្រេច និងសូមឲ្យលោក សា  លាង ធ្វើកិច្ចសន្យាក្នុងការសាងសង់ជាមួយរដ្ឋបាលឃុំ និងស្រុក មុនដំណើរការសាងសង់។

សូមរំលិកផងដែរថាកន្លងមកមានករណីទំនាស់ដីធ្លី លើដីផ្សារក្រោលគោ នេះគឺមានរយៈពេលយូឆ្នាំមកហើយ រវាងលោកសា លាង ជាមួយរដ្ឋបាលឃុំក្រោលគោ ដោយមិនអនុញ្ញាតិឲ្យលោក សា លាង សាងសង់តូបជាសំណង់រឹងមាំ ដោយដីនេះជាដីសាធារណៈរបស់រដ្ឋ(ដីផ្សារក្រោលគោ) ទើបមានទំនាស់រហូតប្តឹងដល់តុលារ សម្រេចចេញសាលក្រមទុកដីទំនាស់នេះជាដីរបស់រដ្ឋដ៏ដែល និងផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋអាស្រ័យផល តាមសារាចរណ៍លេខ០០៨ ស្តីពីការគ្រប់គ្រងទីផ្សារ និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋ ជាអាជីវករនៅផ្សាររបស់រដ្ឋ។

ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅក្នុងផ្សារក្រោលគោ  បានអបអរសាទរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់មជាពិសេសអាជ្ញាធរខេត្តស្វាយរៀង បានសម្របសម្រួលដោះស្រាយឲ្យប្រជាពលរដ្ឋបានអាស្រ័យផល លក់ដូរមានសណ្តាប់ធ្នាប់ល្អប្រសើរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post