ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានម្ចាស់ផ្ទះចាប់ខ្លួនប្រគល់ឲ្យកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ក្រោយលួចទ្រព្យសម្បត្តិ ចំនួនមួយម៉ឺនពីរពាន់ដុល្លារ របស់អ្នកស្រី ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ ទ្រី ដាណា ដែលស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីអ្នកបម្រើម្នាក់ជាប់ចោទពីបទលួច(លុយ)ពីឈ្មោះ ទ្រី សាលីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងឲ្យជនរងគ្រោះឈ្មោះទ្រី ដាណា។
ចំណែកជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្ការទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បន្ទាប់ពីបានទទួលជនសង្ស័យហើយក៏យកមកធ្វើការសាកសួរ ដែលនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកលុយចំនួន១២០០០$ (មួយម៉ឺនពីពាន់ដុល្លាររបស់លោកស្រីទ្រីដាណាពិតប្រាកដមែន)។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕