header ads

Sponsor

 ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញ និងម្ចាស់ទីតាំងអាជីវកម្មនានា នឹងប្រឈមមុខនឹងមានការទោសទណ្ឌ នៅពេលដែលពួកគេ មិនអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរនិងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  ក្រោយពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។  ការបញ្ជាក់របស់ ឯកឧត្ដម  ឃួង ស្រេងបែបនេះ បានកើតមានក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងក្រសួងសុខាភិបាល​និងក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ខែមីនាឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ ដើម្បីមានវិធានការតឹងរុឹងជាថ្មីទៀត ជុំវិញការ បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។

    ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសន៍ថា  កន្លងមកយើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃ ការបង្ការទប់ស្កាត់ នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី ហើយយើងក៏ជាអ្នកអនុវត្តការងារនេះថ្មីដែរ ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ដោយសារ តែយើងសហការរួមគ្នាជាមួយនឹងកម្លាំងពាក់ព័ន្ធទាំងអស់បានល្អ យើងទទួលបានជោគជ័យមួយចំនួនធំ ។តែការងារនេះយើងត្រូវតែបន្តការសហការគ្នាថែមទៀត ដើម្បីជំរុញឲ្យការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះទទួលបានជោគជ័យ ។ ឯកឧត្ដមបន្តថា ការងារចំពោះមុខ គឺការពង្រឹងវិធានការទប់ស្កាត់ឲ្យបានរឹងមាំ បំផុតនោះគឺជនបរទេស ម្ចាស់ទីតាំងអាជីវកម្មនានា បើមិនសហការនិងមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ទេ អ្នកទាំងនោះប្រឈមនឹងការមានទោសទណ្ឌ នៅពេលដែលច្បាប់ថ្មី ត្រូវបានព្រឹទ្ធសភាធ្វើការអនុម័តរួចរាល់។

   ក្នុងកិច្ចប្រជុំនោះដែរ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា ចំពោះម្ចាស់អាជីវកម្មនានា ដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលត្រូវប្រឈមនឹងការបិទអាជីវកម្មរហូតតែម្តង ។ ចំពោះការអន្តរាគមន៍នានាពាក់ព័ន្ធនឹងការទប់ស្កាត់នូវជំងឺកូវីដ-១៩ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត។ 

    លោកកេីត ឆែ បានបញ្ជាក់ថា តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន គឺសម្ដេចបានជំរុញឲ្យព្រឹទ្ធសភាអនុម័តច្បាប់ ពាក់ព័ន្ធនឹងកូវីដ-១៩នេះឲ្យបានលឿន ដើម្បីយើងយកច្បាប់នេះមកអនុវត្តឲ្យមានប្រសិទ្ធភាពនិងមិនមានចន្លោះប្រហោង។ នៅពេលយើងមិនទាន់មានច្បាប់នេះ យើងពិតជាពិបាកនឹងអនុវត្តការងារ តែបើសិនជាច្បាប់នេះត្រូវបានអនុម័តពីព្រឹទ្ធសភា ហើយនោះ ក្រុមការងារដែលអនុវត្តលើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ នឹងមានភាពងាយស្រួល ដោយយើងអនុវត្ត ទៅតាមច្បាប់ដែលបានអនុម័តរួច៕

ប្រភព ក្រសួងព័ត៌មាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post