header ads

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមធ្វេីការអំពាវនាវហេីយអំពាវនាវទៀត​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន​ លេីស្ថានភាពឆ្លងបច្ចុប្បន្ននេះ​ ដែលខ្ញុំធ្លាប់បានពន្យល់រួចហេីយ​ គឺវីរុសកូវីដ-១៩​ បម្លែងថ្មី​ កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា​ ដោយយងមិនដឹងថាវានៅទីណាខ្លះនោះទេ​ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង​ ដែលមានការចម្លងបន្តគ្នាលឿនណាស់​ និងឆ្លងបន្តទៅខេត្ត​មួយចំនួនរួចទៅហេីយ។ ដូច្នេះ​ ពេលនេះ​ នៅផ្ទះ​ និងកុំធ្វេីការចល័តពីកន្លែងមួយទៅកន្លែងមួយ​ ហេីយមិនត្រូវបង្កការជួបជុំគ្នាច្រេីនណាមួយនោះទេ​ ដូចជាពីធីមង្គលការ​ ឡេីងផ្ទះ​ បុណ្យសាសនាផ្សេងៗ​ ដោយពន្យាពេល​ គឺត្រូវតែធ្វេីនៅពេលនេះជាចាំបាច់បំផុត​ ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។ ជ្រេីសរេីសយកការបញ្ឈប់ការជួបជុំ​ ឫការពន្យាពេលនៃការរៀបចំពិធីនានា​ ល្អប្រសេីរជាជាងការឆ្លងហេីយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។
សូមចងចាំថា​ វីរុសបម្លែងថ្មីនេះ​ សាហាវជាង​ និងខ្លាំងជាងវីរុសនាពេលមុនៗ​ ដែលអាចធ្វេីឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា​ ដែលថ្មីៗនេះ​ យេីងមានករណីស្លាប់មួយនាក់រួចទៅហេីយៗក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត។
សូមបងប្អូនថែរក្សាសុខភាព​ និងមេីលកូនចៅឱ្យបានល្អ​ កុំឱ្យដេីរចេញក្រៅរហេតរហូត​ សម្រាប់មនុស្សពេញវ័យ​ បេីមិនមានការចាំបាច់ទេនោះ​ សូមនៅផ្ទះ​ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះដែលមិនមានភាពចាំបាច់​ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់សម្រាប់លោកអ្នកនាពេលនេះ។
ដំណាក់កាលនេះ​ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតបព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល​ និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងក្រសួងសុខាភិបាលបានដាក់ចេញ​ ដូចជាការអំពាវនាវខាងលេីនេះជាដេីម​ ហេីយរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ​ ទាំងអស់គ្នា​ ដែលយេីងអាចឆ្លងកាត់ការលំបាកនាពេលនេះទាំងអស់។
បរាជ័យ​ ឫជោគជ័យលេីការប្រយុទ្ធនឹងសត្រូវកូវីដ-១៩​ បម្លែងថ្មីនាពេលនេះ​ គឺអាស្រ័យលេីការចូលរួមរបស់បងប្អូនទាំងអស់គ្នា​ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩​ បម្លែងថ្មីនាពេលនេះផងដែរ។ សូមអរគុណ។
លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post