(ស្វាយរៀង): កាលពីថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត បានតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម បានដឹកនាំសហការី ចូលរួមក្នុងពិធីទទួលម៉ាសចំនួន ២០.០០០ម៉ាស់ តាមរយៈ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ដែលជាជំនួយរបស់សមាគមមិត្តភាព វៀតណាម-កម្ពុជា ខេត្តតៃនិញ ប្រគល់ជូនដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។
ហើយម៉ាស់ក្រណាត់ចំនួន ១០.០០០ម៉ាស់ ជាជំនួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ប្រើប្រាស់ ដើម្បីរួមចំណែកជាមួយប្រជាជនកម្ពុជាក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម តូច ប៉ូលីវ៉ា បានថ្លែងនូវការអរគុណចំពោះលោកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ដែលតែងតែចូលរួមបរិច្ចាគនូវអំណោយ ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្ត ជាក់ស្តែងម៉ាស ៣០.០០០ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែក ការជួយគ្នាក្នុងគ្រាលំបាក។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននេះ និងយកទៅចាត់ចែងប្រើប្រាស់ឲ្យចំទិសដៅ ក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របតាមបរិបទនាពេលបច្ចុប្បន្ន៕ ដោយ:ស្វាយរៀង