នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារ នៃ សព លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារ ជំងឺកូវីដ-១៩ ស្ថិតនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០ នាទីព្រឹក ដោយសារជម្ងឺ កូវីដ-១៩ ជន្មាយុ ៥០ឆ្នាំ ។
ក្នុងនាមឯកឧត្តមអភិបាលរាជធានីភ្នំពេញ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោក ឡៅ វណ្ណា បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
លោក ឌី រ័ត្នខេមរុណ បានបន្តទៀតថា សូមកុំមានក្តីបារម្ភអំពីជីវភាពគ្រួសារ ក្នុងនោះ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើ ទៅលោកអភិបាលខណ្ឌ ជួយពិនិត្យថែទាំ និង សម្រួលដល់ស្ថានភាពជីវភាពគ្រួសារសព ឲ្យបានសមរម្យផងដែរ ។
អំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់ជូនដល់គ្រួសារសពលោក ឡៅ វណ្ណា នាពេលនោះ រួមមាន ថវិកាចំនួន៥,០០០,០០០៛ និង អង្ករ ៨បាវ ស្មើ ២០០គីឡូក្រាម។