header ads

Sponsor

ក្រសួងសុខាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់អគារនៃសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ធ្វើជាមន្ទីរពេទ្យពិនិត្យថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ 
 យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា យោងទៅតាមស្ថាន ភាពរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួននាពេលបច្ចុប្បន្ន និង ដើម្បីរៀបចំទីតាំងឱ្យបានសមស្រប ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល ដោយរួម សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការប្រើប្រាស់អគារនៃសណ្ឋាគារ THE GREAT DUKE អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ 
សេចក្តីជូនដំណឹងដដែលបន្តថាការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាល ក្នុងការប្រមូលផ្តុំធនធានមនុស្ស សម្ភារបរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន ជួយសង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះ នៅក្នុងសហគមន៍។ 
សេចក្តីជូនដំណឹងបានបន្តទៀតថា ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របទៅតាមស្ថានភាពចាំបាច់ រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូដ-១៩ (COVID-19) បាននិងកំពុងចាត់វិធានការឆ្លើយតបចាំបាច់នានា រួមទាំងការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក។ហើយចំពោះអគារ និងបរិវេណនៃសណ្ឋាគារខាងលើ ក៏នឹងត្រូវរៀបចំឱ្យអនុវត្តនូវវិធានការគ្រប់គ្រងយ៉ាងហ្មត់ចត់ ទាំងផ្នែកសុខាភិបាល និងសន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរុឹងបំផុត សំដៅធានាទប់ស្កាត់នូវការឆ្លង និងហានិភ័យចម្លងនៃជំងឺនេះមកខាងក្រៅបរិវេណអគារនៃសណ្ឋាគារ។ 
 ក្រសួងសុខាភិបាល បញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋ និងបងប្អូនពាណិជ្ជករ អាជីវករទាំងអស់ ដែលរស់នៅ និងកំពុងប្រកបរបរផ្សេងៗនៅជាប់ និងក្បែរទីតាំងសណ្ឋាគារនេះព្រួយបារម្ភថាវីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមដំណក់ទឹកតូចៗ ដែលចេញពីផ្លូវដង្ហើមរបស់អ្នកផ្ទុកវីរុសនោះ រហូតមកដល់ ពេលបច្ចុប្បន្ន មិនមានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ថា វីរុសនេះឆ្លងតាមខ្យល់អាកាសនៅក្នុងទីលំហឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាច និងសូមបន្តរក្សាភាពនឹងនរក្នុងចិត្ត និងជឿទុកចិត្តលើវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល។ ក្រសួងសុខាភិបាល បន្តអំពាវនាវ ដល់ពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមអនុវត្តវិធានការការពារ ខ្លួនតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ៣កុំ និង ៣ការពារ ដើម្បីការពារខ្លួនឯងពីការឆ្លងជំងឺ និងចៀសវាងហានិភ័យចម្លងជំងឺនេះដល់អ្នកដទៃ៕
ប្រភព ក្រសួងព័ត៌មាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post