header ads

Sponsor

 AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១--

យ៉ាងហោចណាស់មានតូបលក់ទំនិញ ជាង ៦០តូប នៅក្នុងតំបន់លក់ដូរផ្សារចំណុចដើមស្រល់ ជាប់អគារ PARAMAX ភូមិក្បាល ស្ពាន១ និងផ្ទះប្រជាពលរដ្ឋប្រមាណ ១៥ខ្នងទៀត នៅតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ បានទទួលរងការខូចខាតដោយសារការវាយប្រហារពីខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ តែមិនប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។

ក្រោយបាតុភូតគ្រោះមហន្តរាយធម្មជាតិនេះភ្លាមៗ ​លោក ង៉ោ ម៉េងជ្រួន អភិបាលរង ​ខេត្តបន្ទាយមានជ័យ រួមជាមួយ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និងក្រុមការងារ បានចុះពិនិត្យដល់ទីតាំង ដែលបានរងការខូចខាតដោយសារឥទ្ធិពលភ្លៀងមួយមេធំ លាយ ឡំខ្យល់កន្រ្តាក់ដែលបានបោកបំបាក់​ផ្សារចំណុចដើមស្រល់នេះ ស្ទើររាបស្មើដីនោះ។         

ក្នុងឱកាសនោះ​លោក ង៉ោ ម៉េងជ្រួន បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតតូបលក់ដូរ ផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ដែលជាគ្រោះ មហន្តរាយគ្មាននរណាម្នាក់ចង់​ជួបប្រទះនោះឡើយ។​​

លោកអភិបាលរងខេត្តបន្ទាយមានជ័យរូបនេះ បានឱ្យដឹងថា ក្រោយពេលកើតហេតុ គ្រោះធម្មជាតិនេះភ្លាម អាជ្ញាធរដែនដីរួមនឹងក្រុមការងារបានអន្តរាគមន៍ចុះភ្លាមៗ ជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះនេះ ដើម្បីជួយសម្រួលដល់ការលំបាក និងបញ្ហា ប្រឈមនានារបស់ពួកគាត់នោះ។


ជាមួយនោះអភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន ក៏បានក្រើនរម្លឹក ដល់ប្រជាពលរដ្ឋយើង សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមានភ្លៀង ផ្គររន្ទះ ខ្យល់ កន្ត្រាក់ ត្រូវប្រញាប់ប្រញាល់រកទីកន្លែងជ្រកដែលមានសុវត្ថិភាព ដើម្បីចៀសវាងគ្រោះថ្នាក់ ដល់អាយុជីវិតនោះ ៕

ប្រភព ក្រសួងព័ត៌មាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post