(ភ្នំពេញ)៖ ហេតុការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៥៧នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅក្បែរស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសន្តិសុខយាមនៅខាងមុខធនាគារ ABA បានដកកាំភ្លើងខ្លីរបស់ខ្លួនបាញ់សម្លាប់បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
មានមហាជនជាច្រើនបានចោទជាសំណួរសួរថា៖ «តើសន្តិសុខរូបនេះ នឹងត្រូវទទួលទោសព្រហ្មទណ្ឌដែរឬទេ ខណៈក្នុងវីដេអូកាមេរ៉ាបង្ហាញថាជនរងគ្រោះមុនពេលស្លាប់ បានព្យាយាម ចាក់ទៅលើសន្តិសុខមុននោះយ៉ាងនេះ?» ។
ពាក់ព័ន្ធនឹងករណីនេះ មានអ្នកច្បាប់បានលើកឡើងនូវមាត្រាច្បាប់នៃក្រមព្រហ្មទណ្ឌមួយចំនួន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពករណីនេះ ។
មាត្រា៣៣ «ការការពារដោយស្របច្បាប់» ចែងថា ៖
បុគ្គលណាដែលប្រព្រឹត្តបទល្មើស ក្នុងសភាពការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌ ទេ ។ ការការពារដោយស្របច្បាប់ ត្រូវមានលក្ខខណ្ឌ ដូចខាងក្រោម នេះ ៖
-បទល្មើស ត្រូវចាត់ទុកថា ត្រឹមត្រូវ ដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិប្រឈមមុខ នឹងការឈ្លានពានមួយ ដែលមិនត្រឹមត្រូវ
-បទល្មើស និង ការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង
-គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ នឹង ទម្ងន់នៃការឈ្លានពាន ។
មាត្រា៣៥ «ស្ថានភាពចាំបាច់» ចែងថា ៖
បុគ្គលដែលស្ថិតក្នុងការចាំបាច់ ត្រូវតែប្រព្រឹត្តបទល្មើស មិនទទួលខុសត្រូវព្រហ្មទណ្ឌ ទេ ។
ស្ថានភាពចាំបាច់ត្រូវមានលក្ខខណ្ឌ ដូចខាងក្រោម នេះ ៖
-បទល្មើស ដែលត្រូវបានចាត់ទុក ថា ត្រឹមត្រូវដោយការចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិ ប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមាន ឬ ដែលនឹងកើតមាន និង
-គ្មានវិសមាមាត្ររវាងមធ្យោបាយ ការពារ និង ទម្ងន់នៃគ្រោះថ្នាក់ ។