នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ បុគ្គលិកបម្រើការនៅកាស៊ីណូ តុងហ្វាង ប៉ាលីរិន ស្ថិតនៅក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានប្រមូលផ្តុំគ្នារង់ចាំបើកប្រាក់ខែ
ចំពោះការប្រមូលផ្តុំគ្នានៅមុខកាស៊ីណូខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចុះធ្វើការអប់រំ និងបំបែកភ្លាមៗ ដោយរៀបចំឱ្យមានគម្លាតសុវត្ថិភាព ព្រមទាំងបានធ្វើការណែនាំដល់អ្នកគ្រប់គ្រងកាស៊ីណូ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរបស់វិធានសំខាន់ៗ របស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍ណែនាំ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។
សូមជម្រាបជូនថា ករណីនេះជាការព្រមាន និងណែនាំលើកទី១ ចំពោះកាស៊ីណូ តុងហ្វាង ប៉ាលីរិន ដែលអនុវត្តខុសទៅនឹងគោលការណ៍គម្លាតសុវត្ថិភាព ដែលដាក់ចេញដោក្រសួងសុខាភិបាល ក្នុងករណីបន្តប្រព្រឹត្តជាលើកទី២ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការពិន័យដោយគ្មានការលើកលែងនោះឡើយ៕
ប្រភព និងរូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ