header ads

Sponsor

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាលប្រកាសផ្លូវការអំពីជនទី១លានដែលបានចាក់វ៉ាក់សាំង ទទួលបានថវិកាពីសម្តេចតេជោ ហ៊ុន សែន ចំនួន៥លានរៀល នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិចនាយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បានជូនដំណឹងថា អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន នឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃើញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ដែលមានដូចខាងក្រោម៖

* លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។ 

* មុខរបរ: លក់ដូរតាមហាង 

* បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ

* មានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់ (ស្រី១ ប្រុស២)។

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងនាំយកថវិកាចំនួន ៥លានរៀល ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គួរចងចាំថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺកូនប្រុសច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក រីឯ អ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ។


សូមបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងទៅតាមវេនរៀងៗខ្លួន ឱ្យបានគ្រប់គ្នា ដេីម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កត់បន្ថយនូវអត្រាសម្រាកពេទ្យ និងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។


ចូលឆ្នាំនៅផ្ទះ (New Year at Home)!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post