អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត ក្នុងចំណោមអ្នកជំងឺទាំង៥៦នាក់ ដែលរកឃើញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះ បាននិងកំពុងបន្តបាត់ខ្លួននៅឡើយ ហើយអាជ្ញាធររាជធានីភ្នំពេញស្វែងរកមិនទាន់ឃើញនោះទេ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះដែរ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងថា មនុស្សទាំង៩រូប ដែលកើតជំងឺកូវីដ១៩ ប្រឈមមុខនឹងជាប់ពន្ធនាគារ ១០ឆ្នាំ បើមិនបង្ហាញខ្លួនដល់មន្ត្រីមានសមត្ថកិច្ចទាន់ពេលវេលាទេនោះ។
លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «អ្នកមានជំងឺហើយ តើអ្នកគេចវេះទៅណាទៀត? អំពើរបស់អ្នកនឹងបំផ្លាញអ្នក គ្រួសារអ្នក និងប្រជាពលរដ្ឋដទៃទៀត! សូមផ្តាំទៅអ្នកទាំង៩រូបដែលជាអ្នកមានផ្ទុកជំងឺកូវីដ-១៩នេះ ចូលបង្ហាញខ្លួនដើម្បីទទួលយកការព្យាបាលជាបន្ទាន់ និងទាន់ពេលវេលា បើពុំនោះទេ អ្នកអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ»។
ជាមួយនឹងវិធានការចំពោះមុខទៅលើបុគ្គលទាំង ៩នាក់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល៣ថ្ងៃ ឲ្យបុគ្គលទាំង៩នាក់នេះ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល តែបើក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតែបន្តគេសវេះទៀត នោះអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ រហូតចេញដីកាតាមចាប់ខ្លួនតែម្តង។