ដើមពោធិ៍អាយុកាលរាប់រយឆ្នាំ ដែលដួលរលំ គឺ«ដើមពោធិ៍លោកតាក្រហម ក» មិនមែន «ដើមពោធិ៍ប្រវត្តិសាស្ត្រស្នេហាទុំ និងទាវ» នោះទេ ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិ៍ប្រវត្តិសាស្ត្រ ប្រវត្តិស្នេហារវាងទុំ និងទាវ ដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានខ្យល់កន្រ្តាក់ បោកបក់ធ្វើឱ្យដួលរលំនៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
នេះបើតាមការបញ្ជាក់ពីលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ នាយប់ថ្ងៃដដែលនេះ ខណៈមានការចែករំលែកព័ត៍មានជាបន្តបន្ទាប់ ដោយយល់ច្រលំថា ដើមពោធិ៍ដែលដួលនោះ ជាដើមពោធិ៍ស្នេហាទុំទាវ។
លោកបន្តថា ភ្លាមៗក្រោយដួលរលំ ក្រោមការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ពិសេសក្រោមការដាក់ចេញចំណាត់ការទាំងយប់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានចាត់ឲ្យអាជ្ញាធរស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ ធ្វើការស្ទូចលើកដើម្បីរៀបចំដាំឡើងវិញ និងធ្វេីកែសម្រួលបន្តអភិរក្សតំបន់ប្រវត្តិសាស្ត្រផងដែរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក នេះឡើងវិញ។