header ads

Sponsor

នៅព្រឹកថ្ងៃ២២ ខែឧសភា ឆ្នាំ២០២១នេះ ថៅកែក្លឹបម្នាក់ និងបុគ្គលិកជាជនជាតិចិនចំនួន ១០នាក់ ( ស្រី ២នាក់ ) ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ និងភ្ញៀវចំនួន៣៤នាក់ទៀត (ស្រី១៨នាក់ ) ត្រូវបានពិន័យក្នុងម្នាក់ចំនួន ៥លានរៀល ក្នុងប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តមួយកន្លែងក្នុងខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

កិច្ចប្រតិបត្តិការណ៍បង្ក្រាបក្លឹបកំសាន្តមួយកន្លែងតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ ( បញ្ជូនអ្នកពាក់ព័ន្ធចំនួន ១១នាក់ ទៅតុលាការ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន៥លានរៀល ចំនួន៣៤នាក់ ចំពោះអ្នកចូលកំសាន្តដែលល្មើសទៅនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។


ក្នុងចំណោមមនុស្សទាំង៤៥នាក់នោះ មានជនជាតិចិនចំនួន ២៦នាក់ (ស្រី ៧នាក់ ) ជនជាតិវៀតណាមចំនួន ៧នាក់ស្រី ជនជាតិកូរ៉េចំនួន០១នាក់ប្រុស ជនជាតិម៉ាឡេស៊ី ចំនួន០១នាក់ប្រុស និងជនជាតិខ្មែរចំនួន ១០នាក់ ( ស្រី ៥នាក់ ) ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន និងសារធាតុញៀនសរុបចំនួន ៣៧៩.៣២ ក្រាម និង ៨០ មីលីលីត្រ ។ បន្ទាប់ពីដំណើរការធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយក្រុមគ្រូពេទ្យ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ជំហ៊ានបន្ទាប់សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើតេស្តរកសារធាតុញៀនរួចមក ជាលទ្ធផលបានរកឃើញអ្នកដែលមានវិជ្ជមានសារធាតុញៀនចំនួន ៦នាក់ និងអ្នកពាក់ព័ន្ធ ចំនួន៥នាក់ទៀតពាក់ព័ន្ធនឹងការប្រេីប្រាស់ ចែកចាយ សារធាតុញៀន ហេីយសមត្ថកិច្ចកំពុងតែរៀបចំសំណុំរឿងបញ្ជូនជនទាំង១១នាក់នេះទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

ចំណែកឯភ្ញៀវចំនួន ៣៤នាក់ ( ស្រី១៨នាក់) រួមមានជនជាតិចិន ១៥នាក់ ជនជាតិវៀតណាម ០៧នាក់ ជនជាតិខ្មែរ ១០នាក់ ជនជាតិកូរ៉េ ១នាក់ និងជនជាតិម៉ាឡេសុីម្នាក់ ដែលបានទៅលេងនៅក្លឹបកំសាន្តនោះ ដែលល្មើសទៅនឹងវិធានការសុខាភិបាល គឺត្រូវបានធ្វើការពិន័យជាទឹកប្រាក់ចំនួន ៥លានរៀលក្នុងម្នាក់ និងបានធ្វើកិច្ចសន្យាណែនាំអប់រំឲ្យត្រឡប់ទៅគេហដ្ឋានវិញ ៕ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post