header ads

Sponsor

(ស្វាយរៀង)៖ ក្រោយពីមានករណីពុលស្រា.ស ស្លាប់នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញតាមដានទៅលើទីតាំងឱសថស្ថាន លក់អាល់កុល ជែល និងកន្លែងផលិតស្រាស ស្រាថ្នាំ និងហាងលក់ស្រា.ស នៅក្រុងស្វាយរៀង និង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

លោក ផឹង និល ប្រធានសាខា(កបប)ខេត្ត បានឲ្យដឹងថា ដោយមានការណែនាំពី លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន( ក ប ប) មន្ត្រីជំនាញបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ នៅតាមបណ្ដា ឪសថស្ថាន ជាពិសេស ពិនិត្យទីតាំងផលិតស្រា.ស នៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ និងបានត្រួតពិនិត្យទៅលើ អាល់កុល ជែលលាងដៃ នៅតាម ឪសថស្ថានចំនួន១៣ទីតាំង និងស្រា.ស ស្រាថ្នាំ ចំនួន ១២ទីតាំង មន្ត្រីជំនាញបានប្រើប្រាស់ឧបករណធ្វើ Test Kits (បឋម) ទៅលើអាល់កុល ជែលលាងដៃ និង ស្រាស ស្រាថ្នាំ ដើម្បីស្វែងរកសារធាតុមេតាណុល ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញអាល់កុលក្លែងក្លាយ ចំនួន១៥លីត្រ ( មានសារធាតុមេតាណុល ) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញអាល់កុលក្លែងក្លាយទាំងនោះ ទៅធ្វើការកម្ទេចចោលតែម្តង។

ជាមួយគ្នានេះលោក ផឹង និល បានបញ្ជាក់ថា ការផលិត ស្រា ស នៅខេត្តស្វាយរៀងភាគច្រើនគឺជា លក្ខណៈ គ្រួសារ គឺ គ្មាន ច្បាប់ អនុញ្ញាត នោះទេ ហើយ ការបិតស្រា តាម គ្រួសារ នេះ អ្នក ផលិត ស្ទើរតែ ទាំងអស់ មិន ធ្លាប់ ទទួលបាន ការបណ្ដុះបណ្ដាល បច្ចេកទេស ពី មន្ត្រី ជំនាញ នោះទេ គឺ ចេះ តគ្នា ពី ឪពុកម្ដាយ ជីដូន ជីតា ប៉ុណ្ណោះ ។

លោកបានបន្ថែមថា ក្រោយពីមន្ត្រីជំនាញបានធ្វើតេស្តទៅលើស្រាសឃើញថាពុំបានដាក់សារធាតុមេតាណុលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ។ ហើយមន្ត្រីជំនាញបានធ្វើការណែនាំឲ្យអ្នកផលិតស្រាសនៅខេត្តស្វាយរៀង ត្រូវបិទស្រាទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវគឺបិទពីអង្ករសុទ្ធ ចៀសវាងកេងចំណេញដាក់សារធាតុហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post