បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ស្ថានភាពនៃការរាតត្បាតវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា នៅពេលនេះ គឺឈានដល់បន្ទាត់ក្រហមហើយ ដែលជាក្ដីព្រួយបារម្ភខ្លាំងនាំទៅរកការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍ ដែលអាចហួសពីសមត្ថភាពនៃការគ្រប់គ្រង ។
ជាក់ស្ដែងតួលេខថ្មីដែលបង្ហាញនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០,៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,១៤៣នាក់ និងស្លា-ប់សរុបចំនួន ៦០២នាក់ ដែលមានពលរដ្ឋមួយចំនួនតូច បែរជាមានការធ្វេសប្រហែស និងមើលស្រាលជំងឺនេះទៅវិញ ដោយគិតថាគ្មានអ្វីគួរឲ្យខ្លាច។
ក្រោយឃើញរូបភាពដែលបង្ហាញដោយលោកគ្រូពេទ្យជួរមុខមួយរូបនេះប្រហែលជាត្រូវស្លុតចិត្ត ចំពោះទិដ្ឋភាព នៅកន្លែងសង្គ្រោះបន្ទាន់ (ICU) មានអ្នកជំងឺជាច្រើនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខ្លះដាក់អុកស៊ីហ្សែន ខ្លះដេកស្ដូកស្ដឹងលែងដឹងខ្លួនក៏មាន ។ ដោយគ្រូពេទ្យរូបនេះបានរៀបរាប់ថា៖
«មានមនុស្សមួយចំនួននិយាយថាទៅភ័យអី “ឆ្លងកូវីដ” ឃើញពេទ្យនាំរាំសប្បាយសឹងអី ហើយមានអាហារបីពេលដេកសុីស្រួលមិនបាច់គិតច្រើន ពេទ្យនាំរាំបាននោះសុទ្ធតែអ្នកជំងឺកម្រិតស្រាលទេ... រាំដើម្បីកុំឲ្យពួកគាត់ស្ត្រេស & ហាត់ប្រាណផង មើលពីក្រោយខ្នងខ្ញុំនេះទៅ (ICU=សង្គ្រោះបន្ទាន់) សុទ្ធតែធុងអុកសុីសែននឹងអ្នកជំងឺដេកស្តូកស្តឹង(ជំងឺធ្ងន់) អ្នកខ្លះដេកលែងដឹងខ្លួនក៏មានដែរ ពេលជំងឺធ្វើទុក្ខម្តងៗពួកខ្ញុំរត់ចែកជើងគ្នាដើម្បីជួយសង្គ្រោះពួកគាត់ ..ហើយខ្ញុំគ្មានពេលបានទៅរាំសប្បាយជាមួយអ្នកជំងឺទេព្រោះកន្លែងខ្ញុំនៅព្យាបាលនេះគឺកម្រិតធ្ងន់ ពាក្យថាឈឺវាមិនដែរស្រួលទេបងប្អូនចឹង «បីកុំ បីការពារ» ទៅបងប្អូនដើម្បីខ្លួនអ្នកទាំងគ្នា» ៕