លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះអាជីវករណាដែលបាននឹងកំពុងប្រកប របរលក់ផលិតផលថ្នាំនិងជីគីមីកសិកម្ម ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬ លក់ផលិតផលដែលគ្មានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ អាចប្រឈមនឹងការផាកពិន័យ រហូតឈានដល់ការបិទអាជីវកម្មផងដែរ ។

លោក ហ៊ុន រស្មី មានប្រសាសន៍ទៀតថា ចំពោះដេប៉ូលក់ថ្នាំ និងជីគីមីកសិកម្ម ត្រូវតែមានលិខិតអនុញ្ញាតបើកអាជីវកម្មដែលទទួលស្គាល់ពីច្រកចេញចូលតែមួយ និង លក់ផលិតផលកសិកម្មណាដែលមានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ ដែលអាចឲ្យអ្នកប្រើប្រាស់យល់ពីរបៀបនៃការប្រើប្រាស់ ឬ ស្គាល់ប្រភេទនៃផលិតផលកសិកម្មនោះ បើមិនដូច្នោះទេ ម្ចាស់អាជីវកម្មនឹងត្រូវទទួលទោសចំពោះមុខច្បាប់ ។

លោក ហ៊ុន រស្មី មានប្រសាសន៍បែបនេះក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុFM ជាតិនគរភ្នំ១០៣MHz និង ទូរទស្សន៍ជាតិខេត្តសៀមរាប ដែលបានធ្វើការផ្សាយផ្ទាល់កាលពីព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១នេះ ។

លោកប្រធានការិយាល័យនីតិកម្មកសិកម្ម មានប្រសាសន៍បន្ថែមទៀតថា កន្លងមក បើទោះបីមិនទាន់មានអាជីវករ ឬម្ចាស់ដេប៉ូណា ទទួលរងនូវការផាកពិន័យ ដោយសារការដាក់តាំងលក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់ក៏ពិតមែន ប៉ុន្តែមន្រ្តីជំនាញតែងតែបានចុះធ្វើការអប់រំផ្សព្វផ្សាយ និងត្រួតពិនិត្យ ចំពោះដេប៉ូ ដែលបាននឹងកំពុងប្រកបអាជីវកម្មនេះ ឲ្យចូលរួមអនុវត្តនូវវិធានការនានាទាក់ទងនិងផលិតផលកសិកម្មគ្រប់ប្រភេទ ដើម្បីជាប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ ជាពិសេសគឺការនាំចូលនូវផលិតផលកសិកម្មដែលស្របតាមច្បាប់អនុញ្ញាតជាដើម ។
ក្នុងឱកាសនោះដែរ លោក ហ៊ុន រស្មី បានធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករ ដែលបានឃើញអាជីវករណាដែលដាក់តាំងលក់ថ្នាំ និងជីកសិកម្មខុសច្បាប់ ត្រូវរាយការណ៍មកកាន់លោកផ្ទាល់ តាមរយៈលេខ ០៨៥ ៥៩៧ ៧៧៩ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕
អត្ថបទ និង រូបថត ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor