ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពវិវត្តន៍យ៉ាងលឿន នៃការរីករាលដាលឆ្លងនៅក្នុងសហគមន៍ នៃជំងឺកូវីដ-១៩រួចមក នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារ នៃរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានសម្រេចបិទផ្សារព្រះដាក់ ព្រមទាំងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្នសិន ដើម្បីកាត់ផ្តាច់ហានិភ័យនៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍នេះ។ អាហារដ្ឋាន និងតូបលក់នំបញ្ចុក និងតូបលក់ដូរផ្សេងៗទៀត ដែលមានទទួលភ្ញៀវបរិភោគនៅនឹងកន្លែងទាំងអស់ក៏ត្រូវបានតម្រូវឱ្យផ្អាកអាជីវកម្ម ក្នុងដំណាក់កាលនេះផងដែរ។
គ្រាន់តែអំឡុងពេល ២សប្តាហ៍ ចំនួនអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងស្រុកបន្ទាយស្រីបានហក់ឡើងរហូតដល់ទៅ២១នាក់ និងស្លាប់ ១នាក់ ហើយអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជិត ៣០០នាក់ ត្រូវបានហ៊ុមព័ទ្ធធ្វើចត្តាឡីស័ក នៅស្ទើរគ្រប់ឃុំទាំងអស់របស់ស្រុក។ ក្នុងនោះ អ្នកពាក់ព័ន្ធថ្មីជាមួយនឹងម្តាយកូនអ្នកវិជ្ជមានកូវីដ-១៩ ដែលជាអ្នកលក់ដូរនៅក្នុងផ្សារព្រះដាក់ចន្លោះពី៥០ទៅ១០០នាក់ផ្សេងទៀតនឹងត្រូវយកសំណាកធ្វើតេស្តនៅថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២១។
បើតាមផេកហ្វេសប៊ុក ផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុក បានឱ្យដឹងថា៖ រដ្ឋបាលស្រុក បានរៀបចំឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ និងតំបន់សំខាន់ៗនៅក្នុងឃុំ ហើយនឹងអនុវត្តការផាកពិន័យយ៉ាងតឹងរ៉ឹងបំផុត ចំពោះរាល់ការបំពានវិធានការរដ្ឋបាល ជាពិសេសការតម្រូវឱ្យពាក់ម៉ាស់ជាកំហិតនៅក្នុងទីសាធារណ: និងការហាមឃាត់ជាដាច់ខាតមិនឱ្យមានការប្រមូលផ្តុំជួបជុំគ្នាពិសារគ្រឿងស្រវឹងឡើយ។
ជាមួយគ្នានេះ រដ្ឋបាលស្រុក ក៏សុំការយោគយល់ចំពោះផលប៉ះពាល់ដែលកើតចេញពីវិធានការបន្ទាន់នេះ ហើយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំព្រះដាក់អាចប្រើប្រាស់ផ្សារបន្ទាយស្រី និងផ្សារស្រះស្រង់ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃក្នុងចន្លោះពេលនេះបាន។ រដ្ឋបាលស្រុកសូមរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ជាពិសេសអ្នករស់នៅក្នុងឃុំព្រះដាក់ ដែលគិតថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយករណីខាងលើ សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការ:មិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ត ដើម្បីរកមេរោគ។ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមការងារនឹងរៀបចំឱ្យមានកន្លែងយកសំណាកធ្វើតេស្ត នៅក្នុងស្រុកបន្ទាយស្រីផ្ទាល់តែម្តងផងដែរ៕ អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!! ទទក