ក្នុងសារតាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវបានសង្កត់ធ្ងន់ថា យើងបានរកឃើញវីរុសបំប្លែងថ្មីប្រភេទ ដែលតា ជាបន្តបន្ទាប់ ខណៈ អាល់ហ្វា វិញ បាននិងកំពុងចរាចរយ៉ាងសកម្មរួចទៅហើយ។
កាលពីម្សិលមានអ្នកស្លាប់ ២៧នាក់បន្ថែមទៀត ហើយបើសិនជាយើងនៅតែមិនខិតខំអនុវត្តវិធានការការពារទេនោះ សោកនាដកម្មនៃសុខភាពសាធារណៈ អាចនឹងកើតឡើងក្នុងពេលខាងមុខហើយ ហើយយើងក៏អាចនឹងប្រឈមនឹងការឆ្លងផុតបន្ទាត់ក្រហមផងដែរ ។
លោកជំទាវ អំពាវនាវដ៏ទទូច សូមបងប្អូនចូលរួមអនុវត្តវិធានការការពារឱ្យបានទាំងអស់គ្នា។
កាលពីរសៀលម្សិលមិញក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ករណី លើអ្នកដំណើរចូលមកកម្ពុជា នៅថ្ងៃទី០៧ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ហើយជាសរុប មានការរកឃើញវីរុសដែលតានេះចំនួន ៧៥នាក់ហើយ ហើយមួយចំនួនក៏បានព្យាបាលជាសះស្បើយហើយដែរ។
វីរុសដែលតា មានសមត្ថភាពឆ្លងលឿនជាងប្រហែល១៥ដង ហើយវីរុសអាល់ហ្វាវិញប្រហែល ៥ទៅ៧ដង នៃវីរុសកូវីដ-១៩ធម្មតាដែលមិនទាន់បំប្លែងខ្លួន ហើយវីរុសទាំងពីរនេះនឹងធ្វើឱ្យសុខភាពអ្នកជំងឺ មានសភាពធ្ងន់ធ្ងរខ្លាំង៕