សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មាន របស់គណនីហ្វេសបុកមួយឈ្មោះថា Heng Sothea និង ព័ត៌មាន សុខភាព កំសាន្ត ដែលថាមានមន្ត្រីយាមនៅច្រកចេញចូលស្តាតអូឡាំពិក ទារលុយពេលយកម្ហូបអាហារមកឲ្យសាច់ញ្ញាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមការងារនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះស្រាវជ្រាវភ្លាមៗដល់ទីតាំង បន្ទាប់ពីធ្វើការសាកសួរលម្អិតបានឲ្យដឹងថា មិនមានមន្ត្រីណាម្នាក់យកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការចូលយកម្ហូបអាហារមកឲ្យបងប្អូន សាច់ញ្ញាតិដែលកំពុងសម្រាកព្យាបាលជំងឺកូវីដនៅស្តាតអូឡាំពិកនោះទេ។
ជាក់ស្តែងដោយសារតែកម្លាំងប្រចាំការគោលដៅច្រកចេញចូល បានអនុវត្តការងារយ៉ាងតឹងរឹងតាមវិធានសុខាភិបាល និងម៉ោងកំណត់ច្បាស់លាស់របស់ក្រុមគ្រូពេទ្យ ហើយបុគ្គលដែលផុសព័ត៌មានមិនពិតនោះក្នុងគោលបំណងអាក្រក់ដើម្បី បង្ខូចកិត្តិយសរបស់កងកម្លាំង ដែលតែងតែលះបង់ទាំងកម្លាំងចិត្តកាយ និងពេលវេលា ដើម្បីសហការជាមួយក្រុមគ្រូពេទ្យ ដោយប្រចាំការតាមគោលដៅធ្វើចត្តាឡីស័ក និងព្យាបាល ២៤ម៉/២៤ម៉ ។
បញ្ហាដែលធ្វើឲ្យបុគ្គលនេះខឹងហើយផុសព័ត៌មានមិនពិតនេះ គឺដោយសារតែបុគ្គលរូបនេះយកម្ហូបអាហារមកឲ្យសាច់ញាតិរបស់ខ្លួនដែលកំពុងសម្រាកព្យាបាលកូវីដនៅស្តាត ខុសពេលម៉ោងដែលគ្រូពេទ្យកំណត់ជាច្រើនលេីកច្រើនសារ និងមិនអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ។
ដូច្នេះហើយទើបសមត្ថកិច្ចប្រចាំការតាមច្រកចេញចូលមិនអនុញ្ញាតឲ្យចូល ហើយក៏មានការខឹងនឹងសមត្ថកិច្ចដែលបានអនុវត្តតឹងរឹង បែរជាទៅចុះផ្សាយខុសពីការពិតចោទប្រកាន់មកលេីសមត្ថកិច្ចទៅវិញ ។
ក្រោយពីការផុសព័ត៌មានមិនពិតបានរយ:ពេលប្រហែលជា ៣ម៉ោង ម្ចាស់គណនីរូបនេះហាក់បីដូចជាដឹងខ្លួន ក៏បានលុបព័ត៌មាននេះចោលបាត់ហើយ ។
ទោះជាយ៉ាងណាពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់គណនីទាំងនេះដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ អគ្គស្នងការដ្ឋាននគរបាលជាតិ