(ខេត្តស្វាយរៀង)៖ មានករណីក្មេងៗ ឈ្លោះ ប្រវាយប្រតប់គ្នារហូតបណ្តាលឲ្យក្មេងស្រីម្នាក់អាយុ០៤ឆ្នាំស្លាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិមកចោមរោមមើលហើយដាក់ការសង្ស័យថាជាអំពើឃាដកម្ម រំលោភសម្លាប់ តាមពិតគឺក្មេងៗជាបងប្អូនជីដូនមួយបង្កើតនិងគ្នា រស់នៅក្នុងដំបូលផ្ទះតែមួយឈ្លោះ វាយតប់គ្នា ហើយគ្មានឳពុកម្តាយរស់នៅជាមួយ ធ្វើឲ្យក្មេងស្រីរងគ្រោះមានអាការៈគ្រុនក្តៅ ១៦ម៉ោង (ម៉ោង៧យប់ថ្ងៃទី៣០សីហាដល់ម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣១សីហា២០២១) ទើបម្តាយមកដល់កុមារីរងគ្រោះបានស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេក។
បើតាមម្តាយក្មេងរងគ្រោះឈ្មោះយឹម សារ៉ែន អាយុ២៣ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរកម្មការនីរោងចក្រ នៅក្រុងបាវិត បានរៀបរាប់ទាំងទឹកភ្នែកថា រូបគាត់ជាស្រ្តីមេម៉ាយ បានចែកផ្លូវគ្នាជាមួយប្តីតាំងពីកូនស្រី នៅក្នុងផ្ទៃ បាន០៦ខែម្លេះ ។ ហើយនាងបានតស៊ូ ពពោះរហូតកូនស្រីប្រសូតិ កូនស្រីឈ្មោះ រិន ពិសី អាយុ០៤ឆ្នាំ នាងក៏បានយកកូនស្រីមកផ្ញើរបង ស្រីឲ្យជួយមើលថែ ដោយខ្លួនទៅធ្វើការជាកម្មការនីរោងចក្រ ហើយដេកនៅផ្ទះជួលជិតរោងចក្រ នៅក្រុងបាវិត មិនបានមកថែកូនទេ មិនគួរណាជួបរឿងបែបនេះទេ ។
ទាក់ទិនករណីនេះដែរលោកវរៈសេនីយ៍ឯក ពិន សំអាន អធិការនៃអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ បានឲ្យអ្នកភ្នាក់ងារយកព័ត៍មានប្រចាំខេត្តយើងដឹងថា: ករណីខាងលើនេះ គឺជាករណី ក្មេងៗឈ្លោះគ្នា បងប្អូន ដែលរស់នៅជាមួយគ្នា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជាមួយអាជ្ញាធរ និងការធ្វើកោសល្យវិច្ចយ័របស់គ្រូពេទ្យ លទ្ធផល គឺជាអំពើហិង្សាដោយចេតនា កើតឡើងដោយក្មេងរងគ្រោះជាមួយបងប្អូនជីដូនមួយ ជាជនសង្ស័យមានអាយុ០៩ឆ្នាំ។
ដំណើររឿង ស្រ្តីឈ្មោះ យឹម សារ៉ែន ជាម្តាយក្មេងស្រីរងគ្រោះ បានយកកូនស្រីមកផ្ញើរនិងផ្ទះបងស្រី ដោយខ្លួនទៅធ្វើការជាកម្មការនីរោងចក្រនៅក្រុងបាវិត ហើយស្នាក់នៅក្រុងបាវិតហើយនៅឆ្នាំ២០២០-២០២១ បងស្រីពីនាក់ប្តីប្រពន្ធ ដោយមានជីវភាពក្រីក្រ បាននាំគ្នា២នាក់ប្តីប្រពន្ធទៅធ្វើការនៅរាជធានីភ្នំពេញ ដោយទុក្ខឲ្យកូនប្រុស-ស្រី០៣នាក់ និងក្មួយស្រីនៅផ្ទះ០៤នាក់បងប្អូន គឺកូនប្រុសច្បងមានអាយុ១៤ឆ្នាំ កូនប្រុសទី២អាយុ០៩ឆ្នាំ កូនស្រីទី៣អាយុ០៧ឆ្នាំ និងក្មួយស្រីអាយុ៤ឆ្នាំនៅផ្ទះគ្មានចាស់ទុំគ្រប់គ្រង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា: ក្មេងស្រីរងគ្រោះឈ្មោះ រិន ពិសី អាយុ០៤ឆ្នាំ មានទីលំនៅភូមិឈូកសរ ឃុំឈើទាល ស្រុកស្វាយជ្រំ នៅថ្ងៃទី៣០ សីហា ២០២១ ក្មេងទាំង០៤នាក់ បានទៅឃ្វាលគោនិងច្រូតស្មៅ នៅឯវាលស្រែ ហើយបានឈ្លោះគ្នានៅទីនោះ ដោយក្មេងស្រីរងគ្រោះ ជាមួយបងប្រុសអាយុ០៩ឆ្នាំ ពេលលេងទឹកបងប្រុសអាយុ១៤ឆ្នាំឃាត់ ហើយក៏ហៅមកផ្ទះវិញ លុះម៉ោង០៦ល្ងាច បងប្រុសឡើងដាំបាយញ៉ាំ ប្អូនៗ លេងប្រឡែងគ្នា ក៏ឈ្លោះវាយគ្នាទៅមកនៅក្រោមផ្ទះម្តងទៀត ខណៈនោះ ជនសង្ស័យ អាយុ០៩ឆ្នាំបានយក ខ្សែភ្លើងរឹត .ក បងប្រុសឮ សម្លេងប្អូនស្រីយំ ក៏ចុះមកឃាត់ ហើយបានចាប់ចេញ រហូតដល់យប់ នាំបងប្អូន០៤នាក់ញ៉ាំបាយ ក្រោយពីញ៉ាំបាយរួច ប្អូនស្រីអាយុ០៤ឆ្នាំ មានអាការៈក្តៅខ្លួន រហូតដល់ព្រឹកឡើងថ្ងៃទី៣១ សីហា ២០២១ ក្មេងស្រីក្តៅខ្លួនកាន់តែខ្លាំង ក៏ទូរសព្ទ័ហៅស្ត្រីជាម្តាយក្មេងរងគ្រោះឲ្យមកផ្ទះយកកូនទៅពេទ្យ រហូតដល់ម៉ោង១០ព្រឹក ទើបម្តាយក្មេងរងគ្រោះមកដល់ក្មេងស្រីក្តៅខ្លាំងហើយបានស្លាប់នៅវេលាម៉ោង១០និង១៥នាទីព្រឹកតែម្តង។
ហើយដោយម្តាយក្មេងមិនទាន់បានដឹងរឿងក៏ប្តឹងសមត្ថកិច្ចថា ជាករណីព្រួតវាយសម្លាប់ប្តឹងឲ្យសមត្ថកិច្ចចាប់ឃាដករមកផ្តន្ទាទោសតាមច្បាប់។
ក្រោយពីសមត្ថកិច្ចស្រាវជ្រាវ រកឃើញថា ជារឿងក្មេងៗឈ្លោះគ្នាជាមួយបងប្អូន ដោយគ្មានមនុស្សចាស់នៅមើលថែ ហើយក្រោយកើតហេតុទុកកូន១៦ម៉ោង ក្តៅខ្លួនខ្លាំង ជ្រុលពេលបានស្លាប់បែបនេះបើមានមនុស្សចាស់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ គឺអាចសង្គ្រោះបាន។
ហើយដោយក្មេងដែលជាជនសង្ស័យអាយុទើប០៩ឆ្នាំទើបសមត្ថកិច្ចមិនបានចាប់ខ្លួនទេ បានកោះហៅម្តាយឳពុកក្មេងឲ្យមកផ្ទះដើម្បីអប់រំ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ:ស្វាយរៀង