header ads

Sponsor

មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប បានអោយដឹងនៅថ្ងៃទី៣ កញ្ញា ២០២១ថា បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាល អោយនារីវ័យក្មេង៣នាក់ស្លាប់ដោយពីរនាក់ស្លាប់ក្នុងបន្ទប់ផ្ទះជួល ទល់មុខផ្សារអ៊ីអន១ សង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ និងម្នាក់ទៀតស្លាប់នៅស្រុកកំណើតនៅ រសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឱ្យមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន ចុះពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះដល់កន្លែងកើតហេតុ និងបានរកឃើញនិងយកគំរូស្រាដែលជនរងគ្រោះបានបរិភោគសល់ យកមកវិភាគនៅមន្ទីរពិសោធន៍ រកសារធាតុមេតាណុល ដែលជាសារធាតុពុល។
យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បាន បង្ហាញឱ្យឃើញថា ក្នុងចំណោមគំរូស្រាចំនួន០៥គំរូ ដែលទទួលបានពីកន្លែងកើតហេតុ មាន០៣គំរូមានវត្តមានសារធាតុមេតាណុលពី ១.៣% រហូតដល់ ៨.៨% លើសពីកម្រិតអនុញ្ញាត (០.១៥%) ពី១៣ ដល់ ៨៨ដង ដែលជាកម្រិតមួយគ្រោះថ្នាក់បំផុតសម្រាប់អ្នកបរិភោគ។

បន្ទាប់ពីទទួលបានលទ្ធផលវិភាគ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាកែច្នៃ មាស ហុង ដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានរកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារៈកែច្នៃស្រាមួយចំនួនសម្រាប់ធ្វើជាវត្ថុតាង។
ជាមួយគ្នានេះ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្តាទីតាំងចែកចាយ និងផ្ទះលក់ទំនិញនានាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតស្រាទំពាំងបាយជូនិងស្រាសសញ្ញាមាស ហុង ចំនួន ៤៨យួរ (មួយយួរ១២ដប) មករក្សាទុកជាបណ្តោះអាសន្ន។
មន្រ្តីជំនាញនឹងបន្តចុះប្រមូលនៅតាមបណ្តាផ្សារ និងទីតាំងចែកចាយនានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការបរិភោគស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង ជាបន្ទាន់ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក។
សូមអំពាវនាវដល់អាជីវករទាំងអស់សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូនិងស្រាសសញ្ញាមាស ហុង និងសូមទាក់ទងប្រគល់ជូនអគ្គនាយកដ្ឋានក.ប.ប. ដើម្បីធ្វើការកំទេចចោល៕ រូបភាព៖ អគ្គនាយកដ្ឋាន ក.ប.ប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post