សង្គម
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ សាលាខេត្តកំពត នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការ ចំណុះសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា។
លោកអភិបាលខេត្តកំពត ក៏បានប្រាប់ដល់មន្ត្រីទាំងអស់ ត្រូវបង្កើនស្មារតីស្នេហាជាតិ រក្សាសេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ ចេះពង្រឹង និងបង្កើនសមត្ថភាព លទ្ធភាព បទពិសោធ ដើម្បីធ្វើជាជនគំរូ ពិសេសមន្ត្រីមិនត្រូវប្រើតំណែងតួនាទីរបស់ខ្លួន ធ្វើឱ្យពលរដ្ឋឈឺចាប់ ឬអស់សង្ឃឹមនោះទេ ត្រូវបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹង វិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវកត្តាសាមគ្គីភាព ក្នុងនាមគ្រួសារមន្ត្រីរាជការ។
ក្នុងឱកាសនោះឯកឧត្តមបានឧបត្ថម្ភដល់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដោយម្នាក់ៗទទួលបានថវិកាចំនួន៥០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន១កេស និងត្រីខ ១យួរ។