សង្គម
អាម៉ាប៉ាប៉ាញ៉ូស
លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដែលជាប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចូលរោងជ័យហើយ ជាមួយកូនកំលោះ លោក វ៉ន ខួច អ្នកជំនួញមួយរូប ដែលរៀបចំឡើងនៅភូមិកំណើតដ៏កម្សត់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានមាតាបិតា ចាស់ទុំ ត្រកូលរាមច្បងទាំងសងខាងទៅតាមប្រពៃណីវប្បធម៌ខ្មែរ។
នៅក្នុងពិធីសិរីសួស្តីអាពាហ៍ពិពាហ៍មួយនេះ មានវត្តមានភ្ញៀវកិត្តិយសជាច្រើនដែលសុទ្ធសឹងតែជាអ្នកជំនួញ សិល្បករ សិល្បការិនី ព្រមទាំងមានវត្តមានដ៏ខ្ពស់ខ្ពង់របស់ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលផងដែរ ។
ជាមួយគ្នានោះគឺមានវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីកាត់សក់បង្កក់សិរីផងដែរ។
ហើយលើសពីនេះទៀតនារសៀលថ្ងៃចន្ទ ទី៦ ធ្នូនេះក៏មានវត្តមាន កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក៏បានផ្តល់ជាកិត្តិយសអញ្ជើញចូលរួមផងដែរ។