កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលមាន អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ព្រមទាំងសម្ភារៈប្រើប្រាស់ដូចជា ម៉ាស អាល់កុល និងសម្ភារៈសិក្សាមួយចំនួន ជូនដល់អង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីឧបត្ថម្ភ និងជួយសម្រួលដល់ជីវភាពក្រុមគ្រួសារក្រីក្រក្នុងសហគមន៍ចំនួន ២៥០គ្រួសារ ជាការលើកទឹកចិត្ត និងជំរុញឱ្យពួកគាត់បញ្ជូនកូនៗទៅសាលារៀន ខណៈដែលពីមុនកូនៗទាំងនោះបានចំណាយពេលវេលាភាគច្រើននៅតាមទីលានចាក់សំរាម ដើម្បីរើសសំណល់អាហារ និងអេតចាយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។
នេះគឺផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមទៅលើការងារអប់រំរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែគិតគូរ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ជាច្រើន និងកិច្ចការសង្គមនានាទៀតដូចជា៖ វិស័យអប់រំ បរិស្ថាន សុខុមាលភាព។ល។ ជាក់ស្ដែងគឺក្រុមហ៊ុនបានចុះមកឃើញផ្ទាល់ពីសកម្មភាពរស់នៅ ការប្រកបរបរ របស់ក្រុមគ្រួសារក្រីក្រដែលរស់នៅក្នុងសហគមន៍ជុំវិញអតីតតំបន់ចាក់សំរាមស្ទឹងមានជ័យ ក៏ដូចជាបានចុះពិនិត្យមើលការសិក្សារបស់ក្មេងៗ និងយុវជនដែលបាននឹងកំពុងតែទទួលបានការអប់រំ ទទួលបានសេវាសុខុមាលភាពតាមរយៈជំនួយឧបត្ថម្ភរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ។
ទាក់ទងនឹងយុទ្ធនាការ «អង្ករប្តូរយកការសិក្សា» នេះកាលពីពេលថ្មីៗកន្លងទៅក្រុមហ៊ុនទើបតែបានចូលរួមយុទ្ធនាការ «អង្ករប្តូរយកប្លាស្ទិក» ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ម៉ាស និងអាល់កុល ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទចំនួន ៣៦០គ្រួសារ ដែលរស់នៅតាមបណ្ដោយបឹងទន្លេសាបក្នុងសហគមន៍បណ្ដែតទឹកនេសាទពាមតាអួរ ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានចូលរួមក្នុងយុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាបនារដូវទឹកសម្រកប្រចាំឆ្នាំ២០២១ ក្រោមប្រធានបទៈ «ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក» ដែលបានរៀបចំដោយអង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2 BambooShoot Foundation) និងមានការសហការចូលរួមពីសមាគមទេសចរណ៍កម្ពុជា (CATA) គាំទ្រដោយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន។
លោក Scott Neeson ជានាយកប្រតិបត្តិ និងស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា បានសំណេះសំណាលប្រកបដោយភាពរួសរាយរាក់ទាក់ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដោយមានប្រសាសន៍ថា៖ “ សូមអរគុណដល់បុរី ប៉េង ហួត ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគនិងបរិភោគ និងសម្ភារៈសិក្សាដល់សហគមន៍យើងខ្ញុំ។ បច្ចុប្បន្នយើងខ្ញុំកំពុងត្រូវការការជួយគាំទ្រដល់ក្មេងៗ និងសហគមន៍ក្រីក្រទាំងនេះ ខណៈដែលយើងកំពុងរៀបចំឱ្យក្មេងៗបានត្រលប់មកសាលារៀនវិញ។ ជំនួយទាំងនេះនឹងជួយផ្លាស់ប្តូរដល់ជីវិតក្មេងៗ និងគ្រួសាររបស់ពួកគេ ”។
លោក ចាន់ រដ្ឋា តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានបង្ហាញនូវចំណាប់អារម្មណ៍ និងសេចក្តីរីករាយដោយបានលើកឡើងថា៖ “ ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានចូលរួមក្នុងកិច្ចការនេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Scott Neeson និងក្រុមការងាររបស់អង្គការមូលនិធិកុមារកម្ពុជាដែលបានផ្លាស់ប្តូរជីវិត និងវាសនារបស់ក្មេងៗងាយរងគ្រោះ និងសហគមន៍ក្រីក្រកន្លងមក។នេះគឺជាទឹកចិត្តនិងសកម្មភាពដ៏ថ្លៃថ្លាដែលលោក និងក្រុមការងារបានខិតខំប្រឹងប្រែងមិនគិតពីការនឿយហត់ក្នុងការចូលរួមអភិវឌ្ឍសង្គមខ្មែរ។ យើងសង្ឃឹមថាការឧបត្ថម្ភទាំងនេះ នឹងជួយសម្រួលដល់ជីវភាពរបស់ក្រុមគ្រួសាររបស់ពួកគេ ដែលអាចឱ្យកុមារផ្តោតលើការសិក្សាបន្តទៀតបាន ”។
សូមបញ្ជាក់ផងដែរថា អង្គការមូលនិធិកុមារកម្ពុជា (CCF) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ដោយលោក ស្កុត និសិន ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលត្រូវបានមហាជនស្គាល់តាមរយៈការបង្កើតសាលារៀនផ្ដល់នូវកម្មវិធីអប់រំជាច្រើន និងបង្កើតមណ្ឌលសុខភាព ដើម្បីផ្ដល់នូវការវិនិយោគទៅលើផ្នែក សុខភាព ការអប់រំ និងសុខុមាលភាពដល់កុមារ យុវជន និងក្រុមគ្រួសារក្រីក្ររបស់ពួកគេ ដែលកំពុងរស់នៅជំវិញអតីតតំបន់ចាក់សំរាមស្ទឹងមានជ័យ និងជាអ្នកប្រកបរបររើសអេតចាយ ដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។
សូមរំលឹកផងដែរថា ពាក់ព័ន្ធការងារអប់រំនេះ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានសាងសង់សាលារៀនៅតាមបណ្តាខេត្តនានា ការផ្តល់អាហារូបករណ៍ដល់និសិ្សតក្រីក្រ ការផ្តល់ឱកាសហាត់ការងារ និងឱកាសការងារដល់សិស្សនិស្សិត ក៏ដូចជាការចែកសម្ភារៈសិក្សាដល់សិស្សនិស្សិតក្រីក្រនៅបណ្ដាខេត្តនានាផងដែរ។ល។
ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានទាំងការចូលរួមជាថវិកាទិញវ៉ាក់សាំង និងផ្តល់ទីតាំងចាក់វ៉ាក់សាំងទាំងបីដូសដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដើម្បីកម្ពុជាអាចបើកប្រទេសឡើងវិញបាន ៕