ក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលមាន អង្ករ មី​ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ព្រមទាំងសម្ភារៈប្រើប្រាស់ដូចជា ម៉ាស អាល់កុល និងសម្ភារៈសិក្សាមាន កាតាបសៀវភៅសរសេរ ខ្មៅដៃ ឧបត្ថម្ភដល់អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ (SPFCO) ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីជួយសម្រួលដល់ជីវភាពរបស់កុមារកំព្រា និងកុមារក្រីក្រជាច្រើននាក់ ក៏ដូចជាគ្រួសារក្រីក្ររបស់ពួកគេ ព្រមទាំងជួយសម្រួលបន្ទុកដល់អង្គការមួយចំនួនធំផងដែរ ខណៈដែលកុមារទាំងនោះមួយចំនួនធំបាននិងកំពុងតែទទួលការទំនុកបម្រុងសម្រាប់ការរស់នៅ និងកាសិក្សាពីអង្គការ។

ពិតណាស់ថាការអប់រំគឺជាគ្រឹះអភិវឌ្ឍធនធានមនុស្ស សង្គមជាតិ និងពិភពលោក ដែលការអប់នេះក៏ជាផ្នែកមួយដ៏សំខាន់ផងដែរនៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភជាជំនួយ ដើម្បីឆ្លើយតបទៅនិងតម្រូវការលំបាកដែលសង្គមកំពុងប្រឈមជាក់ស្ដែង។ ជាក់ស្ដែងដោយមើលឃើញពីភាពលំបាក សម្រាប់ការរស់នៅ សុខុមាលភាព ស្បៀងសម្រាប់បរិភោគប្រចាំថ្ងៃ និងកង្វះខាតសម្ភារៈសិក្សារៀនសូត្ររបស់កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះក្នុងស្ថានភាពលំបាកនេះ ទើបក្រុមហ៊ុនបាននាំយកនូវស្បៀងអារហារ និងសម្ភា​រៈសិក្សាមួយចំនួន ឧបត្ថម្ភដល់អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ ដើម្បីដោះស្រាយស្ថានភាពលំបាកនាពេលនេះ។

ទាក់ទងនិងកម្មវិធីនំាយក និងការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ សម្ភារៈសិក្សានេះ កាលពីថ្មីៗកន្លងទៅនេះក្រុមហ៊ុនបានចូលរួមទៅលើកម្មវិធីជាច្រើដែរួមមាន៖ “កម្មវិធីអង្ករប្តូរយកឱកាសសិក្សារបស់ក្មេងៗរើសសំរាមនៅសហគមន៍ក្រីក្រស្ទឹងមានជ័យ ភ្នំពេញ អង្ករប្ដូរយកសំរាម នៅខេត្តសៀមរាប ហើយថ្មីៗនេះ គឺកម្មវិធីអង្ករបានបន្តការសិក្សានៅរបស់កុមារកំព្រា និងកុមារក្រីក្រនៅ ខេត្តកំពង់ចាម។ល។”​

ក្នុងបរិយាកាសដ៏រំភើបរីករាយក្នុងការប្រគល់ និងទទួលអំណោយនេះ លោក ឃិន ប៊ុនថន គឺជាប្រធានអង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ថា៖ «សូមអរគុណដល់ បុរី ប៉េង ហួត ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងសម្ភារៈសិក្សាទាំងអស់នេះដល់សហគមន៍យើងខ្ញុំក្នុងស្ថានដ៏លំបាកនាពេលនេះ។ ជំនួយទាំងអស់នេះគឺពិតជាចូលរួមដោះស្រាយស្ថានភាពលំបាកនាពេលនេះបានមួយរយៈពេលវែង ក៏ដូចជាអាចឱ្យក្មេងៗនៅទីនេះមានស្បៀងសម្រាប់បរិភោគ និងបន្តការសិក្សារៀនសូត្រទៅមុខទៀត ខណៈបច្ចុប្បន្ននេះយើងខ្ញុំកំពុងត្រូវការការជួយគាំទ្រដល់កុមារកំព្រា និងកុមារក្រីក្រជាច្រើននាក់ ដើម្បីទំនុកបម្រុងដល់ការរស់នៅ អាហារបរិភោគប្រចាំថ្ងៃ ការអប់រំ ដល់ពួកគេឳ្យបានរៀនសូត្រគ្រប់ៗគ្នាជាបន្តទៀតនៅក្នុងសហគមន៍នេះ។ ម្យ៉ាងទៀតកុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះ គឺត្រូវការជំនួយឧបត្ថម្ភបន្តទៀតពីសម្បុរសជន ទោះបីតិចក្ដី ច្រើនក្ដី ដើម្បីអាចឱ្យពួកគេឱ្យបន្តលូតលាស់ ជាពិសេសអាចបន្តការរៀនសូត្រទៅមុខទៀតឱ្យបានចប់ចុងចប់ដើម ដើម្បីឈានទៅសម្រចគោលបំណងរបស់ពួកគេនៅថ្ងៃអនាគត់»។​ 

កុមារីម្នាក់ក្នុងចំណោមកុមារាកុមារីកំព្រា និងក្រីក្រជាច្រើននាក់ទៀត ក៏បានសំដែងនូវអំណរគុណប្រកបដោយអារម្មណ៍សប្បាយចិត្ត និងរំភើបថា៖ «សូមអរគុណខ្លាំងណាស់ដល់ក្រុមហ៊ុន ដែលបានចែកអំណោយស្បៀងអាហារ និងសម្ភារៈសិក្សាទាំងនេះមកពួកខ្ញុំ។ ពួកខ្ញុំត្រូវការជំនួយឧបត្ថម្ភផ្សេងៗទៀត ហើយខ្ញុំត្រូវការភាពកក់ក្ដៅ សេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ពីបងប្អូនទាំងអស់គ្នា ព្រោះខ្ញុំមិនមានឪពុកម្ដាយនៅជាមួយខ្ញុំទេ ហើយរាល់ថ្ងៃខ្ញុំនៅតែជាមួយយាទេ…»។​  

លោក ចាន់ រដ្ឋា ប្រធានកិច្ចការសាធារណៈជាន់ខ្ពស់ និងជាតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានបង្ហាញនូវមាតិសំណេះសំណាល ប្រកបដោយសេចក្តីរីករាយ និងក្ដីសង្ឃឹមចំពោះអនាគតរបស់កុមារកំព្រា និងកុមារក្រីក្រថា៖ «ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានចូលរួមក្នុងកិច្ចការនេះ ជាពិសេសបានចុះមកជួបផ្ទាល់ និងឃើញនូវទិដ្ឋាភាពនៅទីតាំងនេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ ព្រមទាំងក្រុមការងារដែលបានខិតខំប្រឹងប្រែងមិនគិតពីការនឿយហត់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ។ យើងខ្ញុំសង្ឃឹមថាការឧបត្ថម្ភទាំងនេះ នឹងជួយសម្រួលដល់ជីវភាពរបស់កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះ ព្រមទាំងគ្រួសារក្រីក្ររបស់ពួកគេបានមួយរយៈពេលវែង ទោះបីជាអំណោយមិនច្រើនក្ដី ដែលអាចឱ្យពួកគេផ្តោតលើការសិក្សាបន្តទៀតបាន ហើយយើងក៏សង្ឃឹមទៀតថាពួកគេនឹងក្លាយទៅជាធនធានមនុស្សដ៏ល្អ និងជាទំពាំងស្នងឬស្សីនាពេលអនាគត។ សូមជូនពរក្មួយទាំងអស់គ្នាទទួលបានសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ឱ្យបានច្រើនពីមជ្ឈដ្ឋានជុំវិញ និងសូមឱ្យក្មួយៗអត់ធ្មតចំពោះស្ថានភាពលំបានដែលក្មួយកំពុងប្រឈមបច្ចុប្បន្ន។ ព្យាយាមប្រឹងប្រែងបន្តការរៀនសូត្រឱ្យបានច្រើនទៀត ដើម្បីសម្រេចក្ដីសម្រៃរបស់ខ្លួនឯងទៅថ្ងៃមុខ ហើយក៏សូមជូនពរក្មួយៗទទួលបានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងអាចជំនះបានរាល់ស្ថានភាពលំបាកៗ»។​

សូមបញ្ជាក់ផងដែរថា អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ (SPFCO)​​ គឺមានទីតាំងស្ថិតនៅក្នុងភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរខេត្តកំពង់ចាម ដែលបច្ចុប្បន្នមានគ្រូស្ម័គ្រចិត្តចំនួន​ ៤នាក់  ព្រមទាំងកុមារកំព្រា និងកុមារក្រីក្រ ទាំងអស់ប្រមាណជិត ៧៥នាក់ ដែលបាននិងកំពុងតែទទួលបានការទំនុកបម្រុងលើការបរិភោគអាហារប្រចាំថ្ងៃ និងការសិក្សារៀនសូត្រពីអង្កការផ្ទាល់។ ទទ្ទឹមហ្នឹងនេះផងដែរ សព្វថ្ងៃកុមារទាំងអស់នៅទីនោះគឺកំពុងត្រូវជំនួយឧបត្ថម្ភជាអាហារបរិភោគប្រចាំថ្ងៃ និងសម្ភារៈសិក្សាមួយចំនួនទៀតផងដែរពីសម្បុរសជននានា។

សូមរំលឹកផងដែរថា ពាក់ព័ន្ធការងារអប់រំនេះ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភសាងសង់សាលារៀនៅតាមបណ្តាខេត្តនានា ការផ្តល់អាហារូបករណ៍ដល់និសិ្សតក្រីក្រ ការផ្តល់ឱកាសហាត់ការងារ និងឱកាសការងារដល់សិស្សនិស្សិត ក៏ដូចជាការចែកសម្ភារៈសិក្សាដល់សិស្សនិស្សិតក្រីក្រនៅបណ្ដាខេត្តនានាផងដែរ។ល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor