header ads

Sponsor

(ខេត្តស្វាយរៀង): នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ គ.ស ២០២២ រវាងថ្នាក់ដឹកនាំខេត្តស្វាយរៀង(កម្ពុជា) និងថ្នាក់ដឹកនាំខេត្តឡុងអាន និងខេត្តតៃនិញ (ប្រទេសវៀតណាម) ស្ថិតនៅសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ព្រមទាំង គណៈប្រតិភូខេត្តឡុងអាន ខេត្តតៃនិញ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយស អញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នៅក្នុងខេត្តស្វាយរៀង នាពេលនេះ ដែលបានញ៉ាំងឲ្យបរិយាកាសនៅក្នុងពិធីទាំងមូលកាន់តែមានភាពអធិកធម ប្រកបដោយភាតរភាព មិត្តភាព និងពោរពេញដោយស្នាមញញឹម និងក្ដីសង្ឃឹមត្រៀមទទួលយកអំណរសាទរពរជ័យឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ។

ឯកឧត្តមបន្តថា ឆ្នាំនេះជាការចាប់ផ្ដើមដំបូង និងជាលើកទី១ហើយ ដែលខេត្តយើងទាំងបីស្វាយរៀង-ឡុងអាន-តៃនិញ បានមកជួបជុំគ្នាដោយផ្ទាល់សារជាថ្មីឡើងវិញ នៅក្នុងខេត្តស្វាយរៀង បន្ទាប់ ពីខកខានមិន បានជួបជុំគ្នាអស់រយៈពេល ២ឆ្នាំ ដោយសារបញ្ហាឆ្លងរាលដាលជាសាកល នៃជំងឺកូវីដ-១៩ ។

បើទោះបីជាបញ្ហាវិបត្តិ នៃជំងឺកូវីដ-១៩នេះ បានក្លាយជា របាំងបង្កឲ្យមានផលប៉ះពាល់ដល់ដំណើរការជាប្រក្រតី ទៅលើការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋទាំងសងខាងក៏ពិតមែន ប៉ុន្តែដោយឈលើទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» កិច្ចសហ-ប្រតិបត្តិការ រវាងខេត្តយើងទាំងបី ក៏នៅតែត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់យ៉ាងមានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំង តាមរយៈការសហការសម្របសម្រួលយ៉ាងជិតស្និទ្ធធ្វើឲ្យធានាបាននូវនិរន្តរ៍ភាព នៃ ការផ្លាស់ប្ដូរ និងការចរាចរណ៍ទំនិញ និងផលកសិកម្មនៅតាមព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងធ្វើការប្រមូលផលដំណាំផ្សេងៗ នៅតាមព្រំដែនបានរលូន និងល្អប្រសើរ ការរួមគ្នាកែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ក្នុងឱកាសនេះផងដែរ បន្ទាប់ពីសុន្ទរកថាជូនពររបស់ឯកឧត្ដម ង្វៀន វ៉ាន់អ៊ុក ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន តំណាងគណៈប្រតិភូវៀតណាម និងសុន្ទរកថារបស់លោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រី ភាគីទាំងពីរកម្ពុជា-វៀតណាម (ស្វាយរៀង និងឡុងអាន តៃនីញ) ក៏បានធ្វើការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅមក ព្រមទាំងពិសាបាយសាមគ្គី និងរាំលេងកម្សាន្តប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការ និងពោរពេញដោយភាពសប្បាយរីករាយ ដើម្បីត្រៀមទទួលអំណរពរជ័យនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post