
សង្គម
អ្នកសិល្បៈមិនមែនកសាងកេរ្តិ៍ឈ្មោះមួយមុខគ្រប់គ្រាន់នោះទេ បច្ចុប្បន្ននេះក្រៅពីល្បីល្បាញហើយ ពួកគេបានងាកមកវិស័យជំនួញ ឬបម្រើការងារផ្សេងទៀត រហូតដល់អ្នកមានអ្នកសិល្បៈជាច្រើន បានជួយការងារសង្គមរហូតដល់ទទួលបានគោរមងារជា «ឧកញ៉ា»ទៀតផង។
ថ្ងៃនេះយើងនឹងលើកយកអ្នកសិល្បៈមានងារជា «ឧកញ៉ា» ដែលមានឈ្មោះល្បីល្បាញ ចំនួន៥រូបនេះមកជម្រាបជូនលោកអ្នកឲ្យបានស្គាល់កាន់តែច្បាស់។
០១៖ លោក ទុំ សារុត ហៅ នាយ ឃ្លោក អតីតតារាកំប្លែងដ៏មានប្រជាប្រិយភាព តែអំឡុងឆ្នាំ ២០១៤ កន្លងទៅ លោកបានដកខ្លួនពីអាជីពជាតារាកំប្លែងនេះ ក្រោយពីមានការមមាញឹកខ្លាំងជាមួយមុខជំំនួញផ្ទាល់ខ្លួន។ ហើយក្នុងឆ្នាំ ២០១៤អតីតតារាកំប្លែងរូបនេះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជាឯកឧត្ដម ព្រមទាំងទទួលបានគោរមងារជា ឧកញ៉ា ថែមទៀតផង។ បច្ចុប្បន្នឧកញ៉ាឃ្លោក ជាអ្នករកស៊ីអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុនអាហារបំប៉ន។
០២៖ លាន អាហ្វ្រីលគីនីន អតីតតារាចម្រៀង-ពិធីករដ៏ល្បីឈ្មោះប៉ុស្តិ៍លេខ៥ តែចាប់តាំងពីអំឡុងឆ្នាំ ២០១៩ លោកបានងាកទៅបើកក្រុមហ៊ុនសាងសង់ផ្លូវ លក់ថ្ម ព្រមទាំងចាប់មុខជំនួញផ្នែកអចលនទ្រព្យ ដោយបានបរិច្ចាគជួយជាតិជាច្រើន ហើយស្របពេលនោះដែរក៏បានលេចឮថាលោក ទទួលបានងារជាឧកញ៉ា។
០៣៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលឧកញ៉ារូបនេះក៏មានប្រភពចេញពីអ្នកសិល្បៈផងដែរ ដែលលោកជាអ្នកចម្រៀងនៅក្នុងក្រុមពលករកូរ៉េ ក្នុងពេលបម្រើការជាពលករនៅប្រទេសកូរ៉េខាងត្បូង ហើយមុនពេលប្រឡូកក្នុងពិភពជំនួញ លោកក៏ផលិតបទចម្រៀងផ្ទាល់ខ្លួន ហើយក៏ច្រៀងបានមួយរយៈផងដែរ រហូតដល់បើកផលិតកម្ម ហ្គាឡាក់ស៊ីឡាវ៉ាត្រា និងល្បីល្បាញមកដល់សព្វថ្ងៃ។
០៤៖ ខេម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ត ដូចដែលលោកអ្នកដឹងស្រាប់ហើយកាលពីពេលថ្មីៗនេះ ខណៈការងារសិល្បៈកាន់តែជោគជ័យ ហើយលោកបានបោះជំហានយ៉ាងពេញទំហឹងលើមុខជំនួញផ្នែកអចលទ្រព្យ ហើយចូលរួមក្នុងការឧបត្ថម្ភដល់រដ្ឋាភិបាល ជាពិសេសកាលពីចុងឆ្នាំ២០២១ កន្លងមកនេះ លោកបានបរិច្ចាគទឹកប្រាក់២លានដុល្លារ សម្រាប់ការកសាងផ្លូវ និងប្រឡាយទឹក នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ា កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងថ្មីៗនេះ។
០៥៖ ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រុស មានឈ្មោះបោះសំឡេងជាច្រើនឆ្នាំ និងបន្តប្រឡូកចូលវិស័យជំនួញ ធ្វើការបម្រើសង្គម រហូតកាលពី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ ត្រូវ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ។