
សង្គម
យោងតាមទំព័រហ្វេបុកផ្លូវការរបស់ក្រុមព្រះសុរិយា បានឱ្យដឹងថាលោកស្រី ប៊ុន ចន្ទសោភា អតីតតារាភាពយន្តខ្មែរទសវត្ស៦០ និង៧០ បានទទួលមរណភាព នៅម៉ោង១១:៤៥ព្រឹក ថ្ងៃទី៥ ខែឧសភា ២០២២នេះនាគេហដ្ឋានរបស់លោកស្រី ភូមិព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោ-គាពា-ធ។
ក្រុមព្រះសុរិយាមានសេចក្តីរន្ធត់ឥតឧបមា និងសោកស្តាយរបស់ទីបំផុតគ្មាន ដែលក្រុមព្រះសុរិយា ទើបតែរកឃើញលោកស្រី កាលពីដើមខែកក្កដា ឆ្នាំ២០២១ ដោយកន្លងទៅលោកស្រីបានរស់នៅយ៉ាងស្ងៀមស្ងាត់លាក់ខ្លួន កសាងជីវភាពថ្មីឆ្ងាយពីវិស័យសិល្ប់ៈភាពយន្តខ្មែរ តាំងពីរបបខ្មែរក្រហមបញ្ចប់ទៅម្ល៉េះ។
លោកស្រី ប៊ុន ចន្ទសោភា បានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរតាមរយៈគឺ លោក យក់ ប៊ុនឡេង សិល្បករល្ខោនបាសាក់ និងជាតួសម្តែងភាពយន្តផងដែរ។ នាងចូលសម្តែងជាតួរងនាចុងសប្តាហ៍សម័យសង្គមរាស្រ្តនិយម រហូតបានទទួលតួនាទីជាតួឯកក្នុងសម័យសាធារណរដ្ឋខ្មែរ ដូចជារឿង ត្រពាំងពាយ , រឿង ផ្កាថ្កុលមាស , រឿង ផលកម្មខ្ញុំជាដើម។
ក្រុមព្រះសុរិយា ក៏ដូចជាអ្នកស្នេហាវិស័យសិល្បៈខ្មែរមុនឆ្នាំ១៩៧៥ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រីសូមអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
សូមជម្រាបផងដែរថា ប្រវត្តិ និងសា្នដៃសំខាន់ៗរបស់លោកស្រី ប៊ុន ចន្ទសោភា ក្រុមព្រះសុរិយាកំពុងចងក្រង និងផ្សព្វផ្សាយខ្លះៗរួចមកហើយ ហើយក្រុមព្រះសុរិយាក៏បានមានកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោកស្រីផងដែរ។
ប្រភព ក្រុមព្រះសុរិយា