
សង្គម
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះចៅក្រុងកម្ពុជាធិបតីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសប្រទានតែងតាំង ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម ពង្ស សុរិយា និងព្រះអង្គម្ចាស់ នរោត្ដ ពង្សមុនីឫទ្ធ ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈ ស្មើអនុរដ្ឋលេខាធិការ។
នេះបើយោងតាមការចេញផ្សាយរបស់ទំព័រហ្វេបុករបស់ព្រះនាងម្ចាស់ Jenna Norodom ដែលជាព្រះញាតិវង្ស។
«អបអរសាទរ ម្ចាស់មីងខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា និងម្ចាស់មា ព្រះអង្គម្ចាស់ នរោត្តម ពង្សមុនីឬទ្ធិ ដែលបានទទួលតួនាទីបំរេីរាជរដ្ឋាភិបាល និងព្រះបរមរាជវាំង។ ម្ចាស់មីង និងម្ចាស់មា ជាព្រះអនុជបង្កេីតនៃព្រះមាតាខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី។ សូមថ្វាយព្រះពរម្ចាស់មីង និងម្ចាស់មា មានព្រះសុខភាពល្អ ជោគជ័យគ្រប់កិច្ចការងារទាំងអស់។»
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា អំឡុងឆ្នាំ២០២០ បានបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាបត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា (ចៅស្រី) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និង ត្រូវជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕








