
សង្គម
លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបក្លិបបាល់ទាត់ភ្នំពេញក្រោនដែលបានទទួលមរណភាពនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះដោយរោគាពាធ។ ចំពោះការបាត់បង់នេះ ក្លិបបាល់ទាត់ បណ្តាម្ចាស់ក្លិប កីឡាករ អតីតកីឡាករ និងអ្នកស្រឡាញ់វិស័យបាល់ទាត់ជាច្រើន បានសំដែងការសោកស្តាយ និងសរសេររំលែកទុក្ខចំពោះក្រុមគ្រួសារលោក ឬទ្ធី សំណាង។
លោក ឬទ្ធី សំណាង ត្រូវបានចាត់ទុកជាបុគ្គលមួយរូបដែលបានប្រឹងប្រែងលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេសការពង្រឹងធនធានមនុស្សនៅក្លិបភ្នំពេញក្រោនរបស់លោក។
សម្រាប់គ្រប់ៗគ្នានៅក្លិបភ្នំពេញក្រោន មរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង គឺជាការបាត់បង់នូវឥស្សរជនមួយរូបដែលប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ ព្រមទាំងភាពជាអ្នកដឹកនាំដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនចំពោះសង្គមជាតិជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ជាដើមដែលលោកឧកញ៉ាតែងតែងចូលរួមយ៉ាងសកម្មនាពេលកន្លងមក។
អស់រយៈកាលជាង ១០ឆ្នាំក្រោមការដឹកនាំរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ភ្នំពេញក្រោនបានក្លាយជាគ្រួសារមួយរបស់លោកហើយលោកតែងតែទូន្មាន និងចង្អុលបង្ហាញនូវមាគ៌ាល្អៗដល់យើងទាំងអស់គ្នាជាមួយនិងទស្សនាទាន៖ “យើងជាគ្រួសារតែមួយដែលមានគោលដៅដូចគ្នា ឆន្ទៈដូចគ្នា ហើយត្រូវតែរួមចិត្ត រួមកម្លាំងគ្នាដើម្បីឈានទៅសម្រេចគោលដៅដែលយើងប្រាថ្នាចង់បាន”។
ជាមួយគ្នានេះដែរ លោក ឌួង ឆាយ បានថ្លែងសារមួយថា ៖«លារហូតហើយណាហ៊ា។ លាទាំងមិនបានលា។ លាទាំងអាល័យ។ សូមវិញ្ញាណក្ខន្ធហ៊ាទៅកាន់សុគតិភព និងកើតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនេះទៀតណាហ៊ា។ គោរពស្រលាញ់»