ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ Chhorda Peong ដែលបានបង្ហោះរូបភាពនិងវីដេអូឃ្លីប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយមានខ្លឹមសារថា «CPC : ចិញ្ចើមផ្លូវនៅក្រុងតាខ្មៅ ស្ទើរលែងមានទៅហើយ ខណៈក្រុមអាជីវករយកធ្វើអាជីវកម្មជាប្រយោជន៍ផ្ទាល់ខ្លួន»។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះរួច ក្រុមការងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចំណាត់ការលើករណីខាងលើជាបន្ទាន់។
ជាលទ្ធផល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកអធិការបានបញ្ជាកម្លាំងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ក្រុង ចំនួន០៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សរ ណៃស្រៀង និងលោកវររសនីយ៍ទោ ភឿង វ៉ាត អធិការរងនគរបាលក្រុងតាខ្មៅ ចុះរៀបចំសណ្តាប់ធ្នាប់លើផ្លូវ២០៥ ត្រង់ចំណតរ៉ឺម៉កផ្សារតាខ្មៅចាស់ ផ្លូវ២០៦ ពីមុខអគារវប្បធម៌ដល់ព្រះនរាយណ៍ ផ្លូវជាតិលេខ២ ដល់មុខពេទ្យជ័យជំនះ ពិសេសមុខធនាគាអេស៊ីលីដា និងកន្លែងស្តង់លក់ម៉ូតូរង្វង់មូលលោកតាខ្មៅឲ្យមានរបៀបរៀបរយមានសណ្តាប់ធ្នាប់ល្អ មានចំណីផ្លូវថ្មើរជើង និងមិនបង្កឲ្យមានការកកស្ទះចរាចរណ៍ឡើយ៕
រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល