
សង្គម
នៅរាត្រីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយលទ្ធផលជោគជ័យរយៈពេលពីរថ្ងៃ គឺថ្ងៃ១២-១៣ ខែឧសភា ឆ្នាំ២០២២។
នៅរាត្រី១៥កើត ខែពេញបូរមីនេះសម្ដេចបានថ្លែងសារមួយលើកឡើងទាក់ទងនឹងបងប្រុសរបស់សម្ដេច បើទោះបីជាសម្ដេច និងបងប្រុសនៅឋានខុសគ្នាក៏ពិតមែន តែយើងនៅជាមួយគ្នាជានិច្ច។ ដោយសម្ដេចបានថ្លែងឱ្យបានដឹងថា៖
«ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរ ទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅ ទីនោះ។ នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះ ខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត ៣យប់ក្នុងចំណោម៤យប់។ យប់ថ្ងៃ១១និងយប់ថ្ងៃ១២នៅម៉ោង២ភ្លឺ ដូចគ្នាខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំដោយ ស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមក ពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា(សែនឯងហត់ណាស់ខិតខំសម្រាកឱយបាន បានច្រើន)។
ខ្ញុំភ្ញាក់ឡើងក្រឡេករកមើល គាត់មិនឃើញខ្ញុំស្រក់ទឹកភ្នែក និងខំសម្រាកទៅវិញក្រែងបានឃើញគាត់មក វិញតែសម្រាកមិនលក់សោះរហូតម៉ោង ប្រហែល៥ភ្លឺទើបសម្រាកលក់ទៅវិញ។ ព្រឹកម៉ោង៥ថ្ងៃទី១៤ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តង ទៀតហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេងនិងដៃ ឆ្វេងនេះហើយដែលគាត់មកទាញភួយ ដាស់ខ្ញុំឱយភ្ញាក់ពីដេកដោយនិយាយថា(សែនក្រោកឡើងទៅស្រុកយើងវិញ ម៉ោង៨ចេញពីអូតែល)។
ពេលខ្ញុំដឹងខ្លួន ខ្ញុំគិតថាបងខ្ញុំពិតជានៅអាលោះអាល័យ មកលើរូបខ្ញុំ ឬមកពីខ្ញុំគិតដល់គាត់ច្រើន ពេកទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នា តែយើងនៅជាមួយគ្នាជានិច្ច៕»