សង្គម
អាម៉ាប៉ាប៉ាញ៉ូស
អាជាធរខេត្តបាត់ដំបង និងក្រុមការងារជំនាញមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនា បានអញ្ជើញចុះពិនិត្យ ការរកឃើញវត្ថុបុរាណមួយចំនួន នៅក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ដែលត្រូវបានប្រទះឃើញ ក្នុងអំឡុងពេលដែលវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី បានធ្វើការរុះរើព្រះវិហារដែលមានសភាពចាស់ទ្រុឌទ្រោម និងដើម្បីសាងសង់ព្រះវិហារថ្មី ក៏ប្រទះឃើញវត្ថុបុរាណជាច្រើននៅតាមរណ្ដៅសីមាចាស់តែម្ដង ។
បើតាមការបញ្ជាក់ជាបឋមពីលោកអនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា សម្រាប់វត្ថុបុរាណដែលត្រូវបានប្រទះឃើញនៅពេលនេះរួមមាន
- -បំណែកកុលាភាជន៍ ចំនួន២០បំណែក (ធ្វើពីដីដុត)
- -បំណែកជើងពាន ចំនួន១៥បំណែក (ស្ពាន់១២ សំរិន្ធ៣)
- -កាក់សៀម ចំនួន១៣កាក់ (ស្ពាន់)
- -កាក់ឥណ្ឌូចិន ចំនួន៣៣កាក់(ប្រាក់)
- -ដន្លាប់តូច ចំនួន១(ប្រាក់)
- -ក្រវិលមួយចំហៀង (ស្ពាន់)
- -ចិញ្ចៀន ចំនួន១វង់(ស្ពាន់)
- -ប្រាក់ឌួង ១ចំហៀង (ប្រាក់)
- -កណ្ដឹង ចំនួន២ (ស្ពាន់លាយ)
- -បំណែកដែក (ប្រហែលដងដាវ) ចំនួន១ដុំ(ដែក)
- -កាក់ប្រាក់រូបមាន់ ចំនួន ៣,៥៩០កាក់ (ប្រាក់)
- -ហិបប្រាក់ ចំនួន១
- -សន្លឹកប្រាក់ ចំនួន១បន្ទះ ។
គួរបញ្ជាក់ផងដែរថា វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មីនេះ ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៧១០ ដោយឡែកព្រះវិហារចាស់ កសាងដំបូងគេ នៅសតវត្សទី១៨ ហើយក៏ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងនៅអំឡុងពេលរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ក្រោយមក ដោយសារបន្សល់ទុកនូវគំនរចាស់ៗ លោកតា លោកយាយ ពុទ្ធបរិស័ទ ដែលរស់នៅតំបន់នោះ ក៏បានឯកភាពគ្នាសាងសង់ព្រះវិហារថ្មីជាលើកទី២ឡើងវិញ នៅឆ្នាំ១៩៩០ ប៉ុន្តែដោយសារព្រះវិហារចាស់នេះ សាងសង់ខុសបច្ចេកទេស ធ្វើឱ្យបាក់ស្រុត និងមានសភាពចាស់ទ្រុឌទ្រោមផងនោះ ដូចនេះគណៈកម្មការវត្ត អាចារ្យ ព្រះសង្ឃ និងពុទ្ធបរិស័ទវត្ត ក៏បានប្រជុំសម្រេចរុះរើព្រះវិហារចាស់ដែលសាងសង់នៅឆ្នាំ១៩៩០នេះ ដើម្បីសាងសង់ព្រះវិហារថ្មីឲ្យស្របតាមបច្ចេកទេសត្រឹមត្រូវ ៕