header ads

Sponsor

 CAMSOC-ភ្នំពេញ៖ គិតត្រឹមថ្ងៃនេះ កម្ពុជានៅសល់រយៈពេល១ឆ្នាំគត់ សម្រាប់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជា នឹងរៀបចំពិធីបើកការប្រកួតនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។











ឯកឧត្តម​ វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្តេជ្ញាចិត្តរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលសល់ពេលត្រឹមតែ ១ឆ្នាំនេះ ឲ្យទទួលបានជោគជ័យ ប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។

ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖«ក្នុងនាមអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម និងការអនុវត្ត តាមដាន ត្រួតពិនិត្យការងារជាប្រចាំក្រោមភាពជាអ្នកដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម» ។

«អគ្គលេខាធិការដ្ឋានមានក្ដីសោមនស្សរីករាយ ក្នុងពេលវេលាដែលបានខិតជិតមកដល់ គឺថ្ងៃនេះ គឺជាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដែលជាពេលវេលាសេសសល់រយៈពេល ១ឆ្នាំគត់ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រ ដ៏ធំមួយប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងលេចចេញជារូបរាង។ យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តខិតខំ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ហើយទទួលបានជោគជ័យក្នុងការស្វែងរកឧត្តមភាពកីឡា នូវលើការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣»។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយគ្រោងដាក់កីឡាចន្លោះពី ៣៥ ទៅ ៤០ប្រភេទក្នុងកម្ម​វិធីប្រកួត។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គ្រោងនឹងធ្វើចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕

ប្រភព៖ cambodia2023

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post