header ads

Sponsor

 CAMSOC-ភ្នំពេញ៖ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា Jessa Khan និងឪពុក ព្រមទាំងលោកយាយរបស់នាង បានមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី០៥ ខែឧសភា ដើម្បីចូលរួមជាមួយក្រុមកីឡាជម្រើសជាតិកម្ពុជា ទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

មកដល់កម្ពុជា ភ្លាម Jessa បានសម្ដែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដ្បិតខកខានមកទីនេះរយៈពេល ៣ឆ្នាំ គ្រាដែលកីឡាការិនីរូបនេះ ក៏បានបង្ហាញពីការតាំងចិត្តសម្រាប់ការត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី២ ក្នុងអាជីពរបស់ខ្លួន។

Jessa Khan បានលើកឡើងក្នុងកិច្ចសម្ភាសន៍ដូច្នេះថា ៖«ខ្ញុំពិតជារីករាយដែលបានមកដល់ទីនេះ ហើយខ្ញុំអរគុណអ្នកគ្រប់គ្នាដែលបានគាំទ្រ។ វាមានរយៈពេល ៣ឆ្នាំហើយដែលខ្ញុំមកទីនេះលើកចុងក្រោយ ហើយខ្ញុំពិតជារីករាយក្នុងការវិលត្រលប់មកវិញ និងបានឃើញអ្នករាល់គ្នា»។

«ខ្ញុំតែងតែរួចរាល់សម្រាប់ប្រកួត។ វាគឺជាលើកទី៣ ដែលប្រកួតតំណាងកម្ពុជា ហើយជាលើកទី២ នៅស៊ីហ្គេម ដូច្នេះខ្ញុំពិតជារីករាយ។ ជាពិសេសឪពុករបស់ខ្ញុំដែលតែងតែនៅជាមួយខ្ញុំ និងបង្ហាត់ខ្ញុំ។ ពិតណាស់ ការប្រកួតចុងក្រោយរបស់ខ្ញុំគឺជើងឯក Pan Jiu-Jitsu នៅសហរដ្ឋអាមេរិកវាគឺជាពានរង្វាន់ដែលធំ ជឺជីតស៊ូ វាដូចជាក្នុងប្រភេទកីឡាអាស៊ី និងប្រភេទកីឡាអាស៊ីអាគ្នេយ៍ ហើយខ្ញុំឈ្នះព្រឹត្តិការណ៍ដ៏ធំកម្រិតពិភពលោកជាមួយខ្សែក្រវាត់ខ្មៅជាលើកដំបូង ប៉ុន្តែពេលនេះខ្ញុំរួចរាល់សម្រាប់ស៊ីហ្គេម»។ កីឡាការិនីវ័យ ២០ឆ្នាំរូបនេះបានបន្ថែម។

និយាយពីការរីកចម្រើននូវសមត្ថភាពបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ Jessa បានឲ្យដឹងទៀតថា ៖«ខ្ញុំគិតថាជារៀងរាល់ឆ្នាំ គ្រប់គ្នាតែងតែមានការព្យាយាមដើម្បីបង្កើនសមត្ថភាព ហើយឆ្នាំនេះគឺជាឆ្នាំដ៏អស្ចារ្យ ហើយខ្ញុំគិតថា ពីឆ្នាំ២០១៩ ខ្ញុំពិតជាមានការប្រែប្រួលជាងនៅពេលនេះ ហើយពេលនេះខ្ញុំកាន់ខ្សែក្រវាត់ខ្មៅ ដូច្នេះខ្ញុំទទួលបានបទពិសោធជាច្រើន អ៊ីចឹងខ្ញុំកាន់តែត្រៀមខ្លួនបានល្អជាងមុន ហើយខ្ញុំពិតជារំភើបខ្លាំង»។

ដោយឡែក លោក Peter Khan ដែលជាឪពុក និងក៏ជាគ្រូបង្វឹករបស់កីឡាការិនី Jessa Khan ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា ៖«ខ្ញុំពិតជារំភើប សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយកូនស្រីរបស់ខ្ញុំតំណាងឲ្យកម្ពុជា ហើយសម្រាប់ខ្ញុំដែលមិនធ្លាប់ធ្វើបានល្អក្នុងនាមជាកីឡាករ ប៉ុន្តែពេលនេះកូនស្រីរបស់ខ្ញុំអាចក្លាយជាកីឡាការិនីតំណាងកម្ពុជា ច្រើនជាង២ដង ប៉ុន្តែ ៣ដងមកហើយ។ ខ្ញុំពិតជាមានកិត្តិយសដែលនាងបានធ្វើឲ្យគ្រួសារ ក៏ដូចជាកម្ពុជា មានមោទកភាព ហើយយើងកំពុងទន្ទឹងរង់ចាំជាមួយលទ្ធផលល្អប្រសើរ ដើម្បីឈ្នះមេដាយមាស»។

សូមបញ្ជាក់ថា ប្រភេទកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នឹងប្រកួតនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២។

កីឡាការិនីខ្មែរ-អាមេរិករូបនេះ បានបង្កើតប្រវត្តិសាស្ត្រឲ្យកម្ពុជា ក្នុងការឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងបានឈ្នះមេដាយមាសពីកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕


ប្រភព៖ cambodia2023

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post