header ads

Sponsor

(ខេត្តស្វាយរៀង) ៖ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារ ចុះជួយក្រុងបាវិត លោក លឹម សៀងហេង ប្រធានក្រុមការងារគណបក្សក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយសង្កាត់បាវិតនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារសមាជិកសមាជិកាគណបក្សប្រមាណ៣០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅបាវិត។


ក្នុងពិធីបិទយុទ្ធនាការឃោសនារកសំឡេងក្នុងក្រុងបាវិតនេះដែរឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់ ដែលបានធ្វើសកម្មភាពឃោសនា និងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងបង្ហាញនូវគុណតម្លៃ ក៏ដូចជាកិច្ចប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។


បន្ថែមពីនេះឯកឧត្តម លី ធុជ ក៏បានឆ្លៀតរំលឹកពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើនកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាក្នុង អាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រៅតែពីលើកបង្ហាញនូវសមិទ្ធផលធំៗរបស់ជាតិដែលសម្រេចបាននាពេលកន្លងទៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារសុខភាពរបស់ប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩ ដោយរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយនាំឱ្យមានការវាយតម្លៃ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។


ទន្ទឹមនឹងនេះដែរ ឯកឧត្តម លី ធុជ ក៏បានលើកបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការកែលំអរការផ្តល់សេវាសាធារណៈ និងការផ្តល់អំណាចកាន់តែច្រើនទៅដល់មេឃុំ និងចៅសង្កាត់ ដើម្បីឱ្យពួកគាត់ផ្តល់នូវសេវាសាធារណៈកាន់តែល្អប្រសើរ និងលឿនរហ័ស។ បន្ថែមពីលើនោះ ឈរលើគោលនយោបាយអភិវឌ្ឍន៍ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទម្លាក់ថវិកាជាតិកាន់តែច្រើនឡើងដល់ឃុំ សង្កាត់ ដើម្បីរួមចំណែកការអភិវឌ្ឍនៅឃុំ សង្កាត់ឱ្យកាន់តែល្អប្រសើរឆ្លើយតបនឹងសេចក្តីត្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋ។


ឯកឧត្តមក៏បានអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីផ្តល់ឱកាសឱ្យមេឃុំ/ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា បានបម្រើប្រជាពលរដ្ឋ កសាងអភិវឌ្ឍឃុំ សង្កាត់ ឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post