header ads

Sponsor

កាលពីព្រឹកថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានរៀបចំពិធីសម្ពោធដាក់អោយដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​​​មន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោកជំទាវនៅរោងចក្រផលិត​ស្រាបៀរ Vattanac Brewery។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ អ្នកឧកញ៉ា សំ អាង​ និងអ្នកឧកញ៉ា ឈុន លាង​ ដែលជាសហស្ថាបនិក, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិ, គណៈគ្រប់គ្រងក្រុមហ៊ុន ​​វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារជាច្រើនរូបផងដែរ។

ឯកឧត្តម គង់ វិបុល បានពាំនាំនូវការថ្លែងអំណរគុណ និងការកោតសរសើររបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈលិខិតសរសើររបស់សម្តេចផ្ទាល់ជូនចំពោះក្រុមហ៊ុន​ វឌ្ឍនៈ​ ប្រ៊ូវើរី ដែលបានស័្មគ្រចិត្តចូលរួមសហការអនុវត្តតាមសេច​ក្តីណែនាំលេខ ១៥០២៤ អពដ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក ស្របតាមខ្លឹមសារប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បើទោះបីជាក្រុមហ៊ុនទើបចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លីក៏ពិតមែន។ បន្ទាប់ពីទទួលបានកូនសោរត្រួតពិនិត្យឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់រោងចក្រស្រាបៀរ Vattanac Brewery ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯកឧត្តមបានថ្លែងថា កាយវិការនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីអភិបាលកិច្ចសាជីវកម្មដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អសម្រាប់សហគ្រាសផ្សេងទៀតក្នុងវិស័យដូចគ្នានេះក៏ដូចជាសហគ្រាសទូទៅ និងជាការរួមចំណែកមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនិងរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានថ្លែងឱ្យដឹងថា ថ្វីត្បិតក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាក្រុមហ៊ុនស្រាបៀរក្នុងស្រុកដែលឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជាក្រោយគេរាប់សិបឆ្នាំក៏ពិតមែន ប៉ុន្តែ គំរូនិងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម គង់ វិបុល ក្នុងការដ្ឋានកែទម្រង់វិស័យពន្ធដារកម្ពុជា ជាពិសេស ស្នាដៃដ៏ធំធេងរបស់ឯកឧត្តមក្នុងការធ្វើទំនើបកម្មវិស័យពន្ធដារ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមុនគេ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងការប្រមូលចំណូលពន្ធជូនជាតិ ព្រមទាំងបានធ្វើឱ្យវិស័យពន្ធដារកម្ពុជាមានភាពជឿនលឿនទាន់សម័យ ងាយស្រួល និងកាន់តែមានតម្លាភាព បានជំរុញឱ្យ វឌ្ឍនៈ ប្រ៊ូវើរី សម្រេចចិត្តធ្វើជាគំរូគេប្រកប​ដោយភាពចាស់ទុំ ​សុទិដ្ឋិនិយម និងការទទួលខុសត្រូវខ្ពស់បំផុត ដោយបានស័្មគ្រចិត្តចូលរួមសហការបំពាក់និងដាក់ឱ្យ​ដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដើម្បីតម្លាភាពចំណូលពន្ធអាករជាតិ និងធានានូវការប្រកួតប្រជែងដោយស្មើភាពប្រកបដោយសេចក្តីថ្លៃថ្នូរ។ អ្នកឧកញ៉ា ក៏បានរំលឹកដែរថា រោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានសាងសង់ឡើងក្នុងអំឡុងពេលដ៏លំបាកនៃការបិទខ្ទប់ដោយសារការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងខ្លាំងនៅក្នុងប្រទេស​កម្ពុជា។ ប៉ុន្តែ ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការជឿជាក់លើបទពិសសោធន៍ និងការប្តេជ្ញា​ចិត្តរបស់ខ្លួនឯង ក្នុងការចូលរួមជាវិជ្ជមាននៅក្នុងសង្គម និងជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុនបានតស៊ូប្តេជ្ញាបោះទុនវិនិយោគដោយឥតរារែក និងពុះពារជំរុញការសាងសង់រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី ដោយប្រើពេលត្រឹមតែ ៤៨៣ថ្ងៃប៉ុណ្ណោះ ដើម្បីអាចចាប់ផ្តើមដំណើរការខ្សែច្រវ៉ាក់ផលិតកម្មជាបណ្តើរៗ ទោះបីជាការសាងសង់មិនទាន់សម្រេចបាន ១០០% ក៏ដោយ ព្រោះតែចង់ឆាប់បានចូលរួមជំរុញសកម្មភាព​សេដ្ឋកិច្ចជាតិឱ្យរស់រវើកឡើងវិញ ក៏ដូចជាចូលរួមបង្កើនចំណូលពន្ធជូនរដ្ឋផងដែរ។

អ្នកឧកញ៉ាបានឱ្យ​ដឹងបន្តទៀតថា គិតមកទល់ថ្ងៃនេះ Vattanac Brewery ផលិតបានស្រាបៀរចំនួន ២ប្រភេទ គឺស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ដែលទើបបានឈានជើងចូលក្នុងទីផ្សារកម្ពុជាត្រឹមរយៈពេលជាង ៦ខែប៉ុណ្ណោះ។ ប៉ុន្តែ ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ បានទទួលមេដាយមាស ពីស្ថាប័ន MONDE SELECTION ដ៏ល្បីល្បាញសម្រាប់ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ស្របពេលដែលស្រាបៀរជាច្រើនម៉ាកផ្សេងទៀតដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាជាយូរឆ្នាំមកហើយទទួលបានត្រឹមមេដាយប្រាក់ បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ​វាយតម្លៃយ៉ាងហ្មត់ចត់ និងច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូប។ អ្នកឧកញ៉ាបានបញ្ជាក់ថា នេះមិនមែនជារឿងថ្មីប្លែកនោះទេ ដែលផលិតផលស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទទួលបាននូវមេដាយមាសក្នុងរយៈពេលដ៏ខ្លីបែបនេះ។ សមិទ្ធផលដ៏អស្ចារ្យនេះ កើតឡើងដោយសារក្រុមហ៊ុនបានអនុវត្តយ៉ាងត្រឹមត្រូវតាមបទដ្ឋានស្តង់ដារអន្តរជាតិពាក់ព័ន្ធនឹង រសជាតិ គុណភាព និងអនាម័យ ជាដើម។ អ្នកឧកញ៉ាបានបន្ថែមទៀតថា Vattanac Brewery ទើបផលិតបានស្រាបៀរថ្មីមួយប្រភេទទៀតទឹកពណ៌ខ្មៅឈ្មោះថា “Dragon Beer” មានរសជាតិកាន់តែពិសេសប្លែកមិនធ្លាប់មានពីមុនមក ដែលគ្រោងនឹងដាក់លក់លើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយក្នុងពេលអនាគតដ៏ខ្លី ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏នឹងផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាជាច្រើនប្រភេទផ្សេងទៀត ដើម្បីបំពេញតម្រូវការទីផ្សារនៃប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយ តែងតែទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិនិងអន្តរជាតិល្បីៗជាច្រើននៅទូទាំងពិភពលោក ដោយ​សារការប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព  សុខភាព សេវាកម្មល្អឯក និងមេត្រីភាពបរិស្ថាន» តាំងពីដើមរៀងមក សម្រាប់រាល់ការវិនិយោគ​ទាំងឡាយនៅក្នុងប្រទេសកម្ពុជា ដែលរួមមាន វិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារ វិស័យទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀត។

Sponsor
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post