
សង្គម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឯកភាពតាមសំណើរបស់អ្នកប្រកបរបររកស៊ីរថយន្តដឹកដី និងរថយន្តធុនធំចង្កូតស្តាំ សូមមកបង់ពន្ធ ដោយមិនតម្រូវឱ្យកែចង្កូតមកឆ្វេងឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះតទៅ កម្ពុជាមិនអនុញ្ញាត ឱ្យមានការនាំចូលរថយន្តចង្កូតស្តាំចូលមកព្រះរាជាណាចក្រកម្ពុជាជាថ្មីឡើយ។ បើមានការនាំចូលល្មើស នឹងមានវិធានការ ដោយគ្មានការលើកលែងទៀតឡើយ។
សូមជម្រាបជូនថាកាលពីព្រឹកថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២២ មានក្រុមអ្នកបើកបររថយន្តចង្កូតស្តាំធ្វើការតវ៉ានៅចំណុចរង្វង់មូលគួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបិតផ្លូវទាំងសុងទាំងបួនច្រក បើតាមពិនិត្យជាក់ស្តែង គឺមានមនុស្សចំនួនប្រមាណ ២០០នាក់ ឡាន១០៥ គ្រឿង ដោយទាមទារ ០១ចំនុច ៖ សុំបង់ពន្ធ តែសុំមិនកែចង្កូត ៕




