header ads

Sponsor

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្ត «ប្រកាស ស្តីពីគុណភាពសេវាទូរគមនាគមន៍»

ក្រសួងបានឲ្យដឹងថា ខ្លួនបានចាត់ទុកការពង្រឹងគុណភាពសេវាទូរគមនាគមន៍ គឺជាកិច្ចការអាទិភាពបំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការស្វែងរកមធ្យោបាយ និងដំណោះស្រាយនានា សំដៅបង្កើនគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិត និងលើកកម្ពស់ការការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ដោយសារតែគុណភាពសេវាទូរគមនាគមន៍បច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។

ក្នុងរយៈពេលជាង១ ឆ្នាំកន្លងមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់តាំងក្រុមការងារនីតិកម្ម និងក្រុមការងារបច្ចេកទេស ឱ្យធ្វើការសិក្សាស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តនិងស្តង់ដារ ទូរគមនាគមន៍របស់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងស្ថាប័នទូរគមនាគមន៍អន្តរជាតិ ព្រមទាំងធ្វើការពិគ្រោះយោបល់ជាមួយនិយ័តករទូរគមនាគមន៍ក្នុងតំបន់ អ្នកជំនាញការជាតិនិងអន្តរជាតិ ដើម្បីរៀបចំសេចក្តីព្រាង «ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍» ក្នុងការកំណត់បទដ្ឋានបច្ចេកទេស ជាក់លាក់ដែលត្រូវអនុវត្តជាកាតព្វកិច្ច សម្រាប់ប្រតិបត្តិករទូរគមនាគមន៍ សំដៅពង្រឹងគុណភាពសេវា និងបណ្តាញទូរគមនាគមន៍របស់ខ្លួន ក៏ដូចជាដើម្បីចូលរួមការពារ និងធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាពស្របតាមទឹកប្រាក់ដែលបានបង់។

ទន្ទឹមនឹងនេះដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានធ្វើការពិគ្រោះយោបល់ជាមួយប្រតិបត្តិករទូរគមនាគមន៍ ដើម្បីទទួលបាននូវធាតុចូលបន្ថែម និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីឱ្យការអនុវត្តប្រកាសនេះ មានភាពរលូននាពេលខាងមុខ ពីព្រោះការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នឹងត្រូវការពេលវេលាច្រើនក្នុងការដោះស្រាយ ដែល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ត្រូវជួយសម្របសម្រួលនិងគាំទ្រដល់ប្រតិបត្តិករទូរគមនាគមន៍ ក្នុងការរៀបចំឱ្យបានច្បាស់លាស់នូវផែនការនៃការកែលំអគុណភាពសេវាទូរគមនាគមន៍។

ក្រោយពី «ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍» ត្រូវបានចុះហត្ថលេខា ប្រតិបត្តិករទូរគមនាគមន៍មាន រយៈពេល ១០ (ដប់) ខែ ដើម្បីកែលំអនិងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដោយអនុលោមតាមសូចនាករគុណផលគន្លឹះ ដូចមានចែងក្នុងប្រកាសនេះ។ ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណា មិនអនុវត្តតាមស្តង់ដារអប្បបរមា ដែលបានកំណត់ក្នុងប្រកាសនេះទេ ប្រតិបត្តិករទូរគមនាគមន៍នោះនឹងត្រូវទទួលរងពិន័យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post