ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុនិងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក.ប.ទ. បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។
ដូចនេះ ក.ប.ទ. សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។ ក.ប.ទ. ក៏សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។
ក្រោយពីបានឃើញសេចក្ដីជូនដំណឹងនេះ លោក ផែង វណ្ណៈ អ្នកកាសែត និងអ្នកអធិប្បាយល្បីមួយរូប បានសម្ដែងការមិនគាំទ្រចំពោះចំណាត់ការនេះ ដោយបានលើកឡើងថា៖
«ក្រុមហ៊ុន ទូរទស្សន៍ និង ក្រុមហ៊ុន Internet មួយចំនួនមិនទាន់មានសមត្ថភាពផ្ដល់សេវា ទូរស័ព្ទ ឬ សេវា internet ជូនដល់អ្នកប្រេីប្រាស់តាមតម្រូវការផង ។ ក្រសួងប្រៃសណីយ៍ក៏ទទួលស្គាល់ដែរថា ក្រុមហ៊ុនទូរស័ព្ទចល័តមិនទាន់បានផ្ដល់សេវាគ្រប់គ្រាន់ដល់អតិថិជន រហូតដល់ក្រសួងចេញគោលការណ៍តម្លេីង អង់តែន ១០០ អង់តែន ថែមទៀតដើម្បីជួយពង្រីកសេវាកាន់តែទូលំទូលាយ ងាយស្រួលអតិថិជនទាក់ទងប្រេីប្រាស់ ។
ឥលូវមកហាមមិនឱ្យអតិថិជន ប្រើប្រាស់ ឧបករណ៍ជំនួយបែបនេះ តេីក្រសួង និង ក្រុមហ៊ុន ទូរស័ព្ទចល័ត និង ក្រុមហ៊ុន internet មានសមត្ថភាពពង្រីកសេវាអោយអតិថិជនប្រើប្រាស់បានហេីយឬនៅ ?
បេីមានសេវាគ្រប់គ្រាន់ គ្មានអតិថិជនណា សុខចិត្តចំណាយលុយបន្ថែម ទៅទិញឧបករណ៍ជំនួយនោះទេ ។ សូមក្រសួងពិចារណាឡេីងវិញផង »