header ads

Sponsor

កាលពីពេលថ្មីៗនេះ មន្ទីរពហុព្យាបាលម្លិះដង្កោ បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម Facebook ក្រោយដឹកអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅកន្លែងរបស់ខ្លួន ហើយយកថ្លៃព្យាបាលហួសហេតុ ជាពិសេសមានការប្រតិកម្មផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលថាមន្ទីរពេទ្យនេះគិតប្រាក់ធំជាងអាយុជីវិតកុមារ។

តាមរយៈទំព័រហ្វេសបុកប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទងរូបនេះបានឱ្យដឹងនៅល្ងាចថ្ងៃ ១៥ ខែសីហានេះថា៖ «នៅទីបំផុតយុត្តិធម៌ចំពោះគ្រួសារប្រជាជនក្រីក្រគឺកើតមាន ។ មិនមែនរឿងយកឈ្នះឬចាញ់ឡើយ ប៉ុន្តែអ្នកបង្កើតទង្វើខុសត្រូវតែទទួលខុសត្រូវ ។ ហើយខ្ញុំក៏សូមលើកដៃអង្វរសុំមន្ទីរព្យាបាលឯកជនទាំងឡាយផ្សេងៗ ប្តូរឥរិយាបទនិងសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផង ។

ប្រជាជន រួមទាំងខ្ញុំផង ពេលឈឺគឺគ្មានអ្វីពឹងពរក្រៅពីគ្រូពេទ្យ និងមន្ទីរពេទ្យនេះហើយ ចុះបើពេទ្យនាំគ្នាបង្កើតសកម្មភាពទុច្ចរិត ពួកខ្ញុំសង្ឃឹមអ្វី?? មានពេទ្យច្រើនណាស់លះបង់ដើម្បីសង្គមជាតិ និងប្រជាជន ប៉ុន្តែក៏មានពេទ្យចង្រៃៗខ្លះដែរដែលទាញឱ្យត្រីមួយស្អុយសោះនាំត្រីស្អុយទាំងពាង ។ ដោយឡែកក្រសួងសុខាភិបាលនេះហើយជាអ្នកឃុំគ្រងអភិបាលកិច្ចកែតំរង់ផ្លូវឱ្យមន្ទីរពេទ្យទាំងឡាយរត់ត្រង់ផ្លូវ ។ ខ្មែររួបរួមខ្មែរខ្លាំង! ទាំងខ្ញុំទាំងគេ គ្មានចង់សោះឡើយហោះទៅព្យាបាលនៅបរទេស ។ ខ្ញុំសុខចិត្តឱ្យអ្នកស្អប់ខ្ញុំ តែខ្ញុំមិនព្រមបើកភ្នែកឃើញហើយឮហើយ តែធ្វើជាគជាខ្វាក់ឡើយ ។»

សាររបស់លោកបានលើកឡើងនេះគឺនៅក្រោយពេល លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចេញលិខិតព្រមាន និងដាក់ពិន័យមន្ទីរពហុព្យាបាល ម្លិះដង្កោ ក្រោយប្រព្រឹត្តកំហុសឆ្គងពាក់ព័ន្ធការដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ យកទៅកន្លែងរបស់ខ្លួន ខុសពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងលិខិតនេះបានបញ្ជាក់ថា មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាល ម្លិះដង្កោ របស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងបានធ្វើសេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឲ្យយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។

ក្រសួងសុខាភិបាល សូមធ្វើការព្រមាន ផាកពិន័យ និងណែនាំចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ ដូចខាងក្រោមនេះ៖

*ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនចាប់ពីថ្ងៃណែនាំនេះតទៅ

*ទី២៖ ត្រូវផាកពិន័យអន្តរការជាប្រាក់ចំនួន ១០,០០០,០០០រៀល ចំពោះកំហុសឆ្គងដែលមាន

*ទី៣៖ ត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាម ច្បាប់ អនុក្រឹត្យ ប្រកាស និងសារាចរណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល

*ទី៤៖ ត្រូវគោរពទៅតាមកិច្ចសន្យារបស់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលបានសន្យាជាមួយក្រសួងសុខាភិបាល

*ទី៥៖ ក្នុងករណីដែលលោកវេជ្ជបណ្ឌិត ស៊ឹម វន់ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ក្រសួងនឹងមានវិធានការបិទមន្ទីរពហុព្យាបាល ម្លិះដង្កោ ដោយមិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺតទៅទៀតឡើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post