
សិល្បៈ
តាមរយៈវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះនៅលេីអាខោនទិកតុក ដែលមានឈ្មោះ តាស្វិត កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញពីសកម្មភាពរបស់ក្រុមអ្នកជំនាញស្ទូចត្រី ដែលស្ទូចបានត្រីសណ្តាយដ៏ធំមួយក្បាលនៅក្នុងទន្លេ ខេត្តស្ទឹងត្រែង ហេីយត្រីសណ្តាយនោះមិនទាន់ងាប់នៅឡេីយនោះទេ។
វីដេអូដដែលនោះ គេឃេីញក្រុមអ្នកសន្ទូចត្រីបានស្រែកសេីចយ៉ាងសប្បាយ នៅពេលដែលស្ទូចត្រីដ៏កម្រនេះបាន តែក្រោយពីបង្ហោះឡើងនៅលើបណ្ដាញសង្គមរួច មហាជនបានបញ្ចេញមតិ សំណូមពរឱ្យក្រុមអ្នកស្ទូចត្រី ឱ្យព្រលែងត្រីសណ្តាយដ៏ធំក្បាលនេះចូលទន្លេវិញ ព្រោះត្រីនេះជាប្រភេទត្រីកម្រ និងជិតផុតពូជ ដេីម្បីថែរក្សាការពារត្រីដែលជិតផុតពូជប្រភេទនេះ ។
តែទោះបីជាបែបនេះក្ដី គេនៅមិនទាន់ដឹងថា តេីក្រុមអ្នកស្ទូចត្រីទាំងនោះ បានព្រលែងត្រីសណ្តាយដ៏ធំមួយក្បាលនោះចូលទៅក្នុងទន្លេវិញនៅឡេីយនោះទេ បន្ទាប់ពីមានការសំណូមពរពីសំណាក់មហាជន ។
សូមជម្រាបជូនថា ត្រីសណ្តាយ ជាប្រភេទត្រី ល្មោភស៊ីមិនចេះឆ្អែតដ៏ធំមួយ ដែលស៊ីសាច់ជាអាហារ និងធំលួតលាស់នៅតាមមាត់ច្រាំងទន្លេ អូរដែលមានដុះស្មៅ និងភាគច្រើនវាលាក់ខ្លួននៅក្នុងរន្ធ។
ត្រីសណ្តាយ ជាប្រភេទត្រីដែលមានសកម្មភាពយឺត ស្ងប់ស្ងាត់ ស្វែងរកចំណីនៅបាតទន្លេជ្រៅៗ ទឹកនឹង ឬទឹកហូរតិចៗ ព្រមទាំងនៅស្រទាប់បាតក្រោមមានភក់ ឬល្បាប់ផងដែរ។





