header ads

Sponsor

មន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែសីហា នេះ បានចេញសេចក្ដីជូនដំណឹងមួយជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីជួយទប់ស្កាត់ករណីបំផុសបំផុលប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្នុងអំឡុងពេលពីរបីថ្ងៃកន្លងមកនេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានមកស្នាក់នៅដីចំការម្រេចរបស់ខ្លួន ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានតាំងខ្លួនជាតួអង្គព្រហ្ម ពួកអមនុស្ស អំបូរទេវតា បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថា នឹងមានអភូតហេតុ រញ្ជួយផែនដីនិងកើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឲ្យប្រជាពលរដ្ឋនាំគ្នាប្រញ៉ាប់ប្រញ៉ាលរត់មកជ្រកកោននៅម្ដុំដីចំការរបស់គាត់ (ជើងភ្នំគូលែន) ពិសេសមកនៅខេត្តសៀមរាប ទើបអាចរួចគ្រោះបាន។

មន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប បានបញ្ជាក់ថា ករណីនេះ គឺជាការបំផុសបំផុលដើម្បីផល់ប្រយោជន៍ផ្ទាល់ខ្លួន។ ផ្អែកតាមខ្លឹមសារសារចរអន្តរក្រសួងលេខ០០៣ ស.រ បានចែងថា «ហាមធ្វើសកម្មភាពខុសឆ្គង តាំងខ្លួនជាអ្នកមានបុណ្យ ឬជាព្រះបាទធម្មិក ដោយយកព្រះនាមព្រះពុទ្ធសាសនារបស់រដ្ឋមកបាំងបិទមហិច្ឆតាផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ណាមួយ»។

ក្នុងសេចក្ដីជូដំណឹងបន្ថែមថា រាល់សកម្មភាពសាសនាដែលមានការចូលរួមមនុស្សលើសពី១០០នាក់ ត្រូវសុំការអនុញាតពីអាជ្ញាធរមានសមត្ថកិច្ច ហើយអាចធ្វើបានតែក្នុងវត្តអារាម ឬទីតាំងសាសនាដែលស្របច្បាប់តែប៉ុណ្ណោះ។

ដោយឡែកអភិបាលខេត្តសៀមរាប លោក ទៀ សីហា នារសៀលថ្ងៃទី២៧ ខែសីហា បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋ នៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោយមានការកៀរគរមនុស្សប្រមាណ២ម៉ឺននាក់នៅផ្ទះរបស់លោក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post