
សិល្បៈ
ជឿជាក់ថាមហាជនពិតជានៅចងចាំអតីតតារាសម្តែងនៅក្នុងបទចម្រៀង F4 លោក ព្រីង ច័ន្ទបុត្រ ដែលសព្វថ្ងៃបានដកខ្លួនពីអាជីពសិល្បៈនឹងបានរស់នៅយ៉ាងមានក្តីសុខជាមួយភរិយាជាស្រ្តីមេម៉ាយស្តុកដែលត្រូវបានគេដឹងថាជាអ្នកម្តាយក្មេករបស់តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ។ អ្វីដែលចាប់អារម្មណ៍ក្រោយរួមរស់ជាមួយគ្នាប្រមាណជាពីរឆ្នាំ លោក ព្រីង ច័ន្ទបុត្រ បានលើកឡើងចំៗចំពោះភរិយាដែលស្តាប់ហើយពិតជាមានក្តីសុខជំនួស ។
លោក ព្រីង ច័ន្ទបុត្រ បាននិយាយជាចំហថា «អរគុណស្ត្រីម្នាក់នេះ ដែលចូលខ្លួនមកធ្វើជាប្រពន្ធរបស់បុរសកំសត់ទុរគត ដែលដេកលង់លក់អស់រយៈពេលជាច្រើនឆ្នាំអរគុណដែលដាស់បងឱ្យ ភ្ញាក់ម្តងទៀត ទៅមើលពិភពលោកសារជាថ្មីអរគុណដែលបានបង្រៀនបងឱ្យ ស្គាល់ពីជីវិតពិត និងជីវិតក្លែងក្លាយ ។ ចុងក្រោយនៃកណ្តាលថ្នាលជីវិតរបស់បងគឺបីបមថ្នមថែនិងរក្សារូបអូនលុះសូន្យអវសាន្តនៃជីវិត»។ ការលើកឡើងរបស់លោក ព្រឺង ច័ន្ទបុត្រ បែបនេះបានធ្វើឱ្យមិត្តភក្តិសរសើរថាលោកពិតជាសំណាងណាស់បានជួបភរិយាល្អ ហើយខ្លះទៀតក៏បានជូនពរដល់លោក និងភរិយាឱ្យស្រឡាញ់គ្នារហូតដល់ចាស់ ។
ចំណងស្នេហ៍របស់លោក ព្រីង ច័ន្ទបុត្រ ត្រូវបានគេមើលឃើញថាផ្អែមល្ហែមមិនចាញ់គូស្នេហ៍វ័យក្មេងនោះទេហើយក៏មិនមែនជាលើកដំបូងដែរជារឿយៗលោក តែងសរសើរពីសំណាងរបស់ខ្លួនដែលបានមកជួបភរិយាល្អ ក្រោយបរាជ័យរឿងជីវិតគ្រួសារជាច្រើនដង ។ បើគិតមក ដល់ពេលនេះលោក ព្រីង ច័ន្ទបុត្រ បានរួមរស់ជាមួយគ្នាប្រមាណជាពីរឆ្នាំហើយបើទោះមិនបានរៀបការ តែអ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់រួចរាល់។ដ្បិតភរិយា មានវ័យច្រើនជាងនឹងមានកូនរៀបការទៅហើយក្តី តែអ្នកស្រីនៅតែមានសម្រស់ស្អាតមិនចាញ់នារីវ័យក្មេងនោះទេ ។
សព្វថ្ងៃលោក ព្រីង ច័ន្ទបុត្រ មិនបានខ្វល់ខ្វាយមកសន្សំលុយកាក់ល្អិតនៅក្នុងការសម្តែងដូចជាង ១០ឆ្នាំមុនឡើយ ពោលលោកងាកមករកស៊ីផ្នែកអចលនទ្រព្យវិញម្តង ។ គេចាំបានថាមុនភ្ជាប់ស្នេហ៍ជាមួយអ្នកម្តាយក្មេក វ៉ាន់ នីឡា លោក ព្រីង ច័ន្ទបុត្រ ធ្លាប់ខកស្នេហ៍ជាច្រើនលើកច្រើនដងហើយកន្លងមកលោកក៏ធ្លាប់រៀបការជាមួយប្អូនស្រីអ្នកមានមុខមាត់និងឋានៈនៅក្នុងសង្គម តែគួរឱ្យស្តាយពួកគេបានបែកគ្នាក្រោយរួមរស់បានប៉ុន្មានឆ្នាំ ៕





